អាមេរិកហាមឃាត់មិនឱ្យអ៊ីស្រាអែល បន្តសកម្មភាពទម្លាក់គ្រាប់បែកទៅលើលីបង់តទៅទៀតនោះទេ

បរទេស៖ បើតាមការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social របស់លោក កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការថា សហរដ្ឋអាមេរិកហាមឃាត់មិនឱ្យប្រទេសអ៊ីស្រាអែល បន្តសកម្មភាពទម្លាក់គ្រាប់បែកទៅលើប្រទេសលីបង់តទៅទៀតនោះទេ។
នៅក្នុងសារដែលប្រកបដោយភាពម៉ឺងម៉ាត់នោះ លោក ត្រាំ បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលនឹងមិនត្រូវបានអនុញ្ញាតឱ្យបន្តការវាយប្រហារតាមអាកាសនៅក្នុងប្រទេសលីបង់ទៀតឡើយ ដោយលោកបានប្រើពាក្យធ្ងន់ៗថា «ល្មមគឺល្មមហើយ» ។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា រាល់សកម្មភាពយោធារបស់អ៊ីស្រាអែលលើទឹកដីលីបង់ ត្រូវបាន «ហាមឃាត់» ដោយសហរដ្ឋអាមេរិកចាប់ពីពេលនេះតទៅ។
គួរបញ្ជាក់ថា មេដឹកនាំអាមេរិករូបនេះក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកនឹងធ្វើការដាច់ដោយឡែកជាមួយរដ្ឋាភិបាលលីបង់ ដើម្បីដោះស្រាយស្ថានភាពពាក់ព័ន្ធនឹងក្រុមហេសបូឡា តាមមធ្យោបាយដែលសមស្រប។ ទន្ទឹមគ្នានេះ លោកអះអាងថា បានដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បានសម្រេច ដោយការប្រើកម្លាំងយោធាដ៏ខ្លាំងក្លាកម្ទេចចោលតែម្ដង (រហូតសល់តែផេះ) ដោយមិនចាំបាច់ប្រើវិធីចរចាដែលត្រូវចំណាយលុយទៅទិញទឹកចិត្តអ៊ីរ៉ង់ដូចមុននោះឡើយ៕

