សម្ដេចធិបតី រំពឹងថា រដ្ឋាភិបាលថៃ នឹងបង្កើតក្បាលម៉ាស៊ីន JBC ឱ្យបានត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារំពឹងថា រដ្ឋាភិបាលថៃ នឹងបង្កើតក្បាលម៉ាស៊ីន JBC ឱ្យបានត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ស្របទៅតាមកិច្ចព្រមព្រៀងទ្វេភាគី ដែលបានធ្វើកន្លងមក។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ ប្រវែង១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្ដាល-សមុទ្រ ខេត្តកែប នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតី បង្ហាញក្ដីសង្ឃឹមថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ដោយសារតែកម្ពុជានៅតែបន្តរក្សាជំហរដដែលក្នុងនោះមានដូចជា ដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំងពីរបានឯកភាពចុះហត្ថលេខាជាមួយគ្នារួមទាំងយន្តការអន្តរជាតិផងដែរ។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា យន្តការទាំងនេះរដ្ឋាភិបាលថៃ ក៏បានលើកឡើងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាផងដែរ ហើយរដ្ឋាភិបាលថៃ ក៏មិនបានប្រកាសទាត់ចោលកិច្ចព្រមព្រៀងណាមួយជាមួយកម្ពុជានៅឡើយនោះដែរ៕

