សម្ដេចធិបតី៖ ការដោះស្រាយបញ្ហាព្រំដែន គឺយើងជ្រើសយកយន្តការមិនបង្ហូរឈាម

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែន គឺសម្ដេចជ្រើសយកយន្តការមិនបង្ហូរឈាម ដើម្បីកុំឱ្យមានពលរដ្ឋកម្ពុជា រួមទាំងកងកម្លាំងមិនមានការបាត់បង់ជីវិត។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ ប្រវែង១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្ដាល-សមុទ្រ ខេត្តកែប នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីបន្ថែមថា សង្គ្រាមសងទៅសងមក មិនងាយបញ្ចប់នោះទេ ប៉ុន្តែបើដោះស្រាយតាមយន្តការច្បាប់ យន្តការអន្តរជាតិ និងការទូត គឺជាយន្តការដែលអាចបញ្ចប់បញ្ហាព្រំដែនបានយូរអង្វែង និង មិនមានការបាត់បង់ជីវិត។ ប៉ុន្តែយន្តការនេះត្រូវការពេលបន្តិចដែលទាមទារឱ្យយើងត្រូវអត់ធ្មត់ដើម្បីសម្រេចជោគជ័យ។
ជាមួយគ្នានេះសម្ដេចធិបតី ក៏បានបញ្ជាក់អំពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលការរស់នៅរបស់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយការធ្វើផ្ទះស្នាក់នៅសមរម្យជាបណ្ដោះអាសន្ន បើទោះផ្ទះថ្មី មិនដូចផ្ទះចាស់ ដែលបានកសាងមកអស់២០-៣០ឆ្នាំ ដោយកម្លាំងញើសឈាមនោះក៏ដោយ។ រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំដោះស្រាយជាជំហានៗ៕

