ប្រទេសស្រីលង្កា បានប្រកាសថវិកាសង្គ្រោះចំនួន ៣២០លានដុល្លារ សម្រាប់ជួយដល់កសិករ អ្នកនេសាទ និងក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះពីតម្លៃថាមពលខ្ពស់

បរទេស៖ ប្រទេសស្រីលង្កា បានប្រកាសថវិកាសង្គ្រោះចំនួន ៣២០លានដុល្លារ សម្រាប់ជួយដល់កសិករ អ្នកនេសាទ និងក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះពីតម្លៃថាមពលខ្ពស់ ដោយសារវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ា។
ប្រធានាធិបតី លោក Anura Kumara Dissanayake និយាយថាកញ្ចប់នេះគឺការផ្តល់ឱ្យដ៏ធំមិនធ្លាប់មានពីរដ្ឋ ដែលនឹងជួយជនងាយរងគ្រោះបំផុត នៅក្នុងប្រទេសមានចំនួនប្រជាជនសរុប ២២លាននាក់។ លោកបន្តថា ជំនួយជាសាច់ប្រាក់នឹងត្រូវផ្ទេរចូលទៅក្នុងគណនីផ្ទាល់ខ្លួនរបស់អ្នកនេសាទ ក៏ដូចជាកសិករដាំស្រូវ និងតែរាប់ពាន់នាក់។
អ្នករស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ ដែលមានប្រហែល ២៥ភាគរយនៃប្រជាជនសរុប នឹងទទួលបានថវិកា ២៥ដុល្លារទៀតក្នុងខែនេះ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណី Sinhala និង Tamil របស់ស្រីលង្កា ហើយថែមទាំងប្រាក់ឧបត្ថម្ភថ្លៃអគ្គិសនីផងដែរ៕

