ICRC ជំរុញឱ្យគោរពច្បាប់នៃសង្គ្រាម បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ចេញវោហារសាស្ត្រគំរាមវាយកម្ទេចអ៉ីរ៉ង់

ស្វីស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានជំរុញដល់បណ្តារដ្ឋាភិបាល ឱ្យគោរពច្បាប់នៃសង្គ្រាម បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ចេញវោហារសាស្ត្រគំរាមវាយកម្ទេចអ៉ីរ៉ង់។
លោកស្រី Mirjana Spoljaric បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ប្រទេសនានាត្រូវតែគោរព និងធានានូវការគោរពចំពោះច្បាប់សង្គ្រាម ទាំងនៅក្នុងអ្វីដែលពួកគេនិយាយ និងអ្វីដែលពួកគេធ្វើ។ ពិភពលោក មិនអាចចុះញ៉មនឹងវប្បធម៌នយោបាយ ដែលផ្តល់អាទិភាពដល់ការស្លាប់ជាជាងជីវិតរស់នៅនោះទេ»។
លោកស្រីក៏បានលើកឡើងដែរថា មិនត្រូវបណ្តោយឱ្យការគំរាមកំហែងដោយចេតនា ទោះជាវោហារសាស្ត្រ ឬសកម្មភាពលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិល និងទីតាំងនុយក្លេអ៊ែរ ក្លាយជាលំនាំថ្មីដើម្បីធ្វើសង្គ្រាមឡើយ។ សេចក្តីថ្លែងការណ៍របស់ ICRC សំដៅទៅលើសង្រ្គាមដែលកំពុងបន្ត នៅក្នុងតំបន់មជ្ឈិមបូព៌ា ប៉ុន្តែមិនបានបង្ហាញចំឈ្មោះប្រទេសណាទេ៕

