អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៦ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បណ្ឌិត ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សម្ព័ន្ធមេត្រីភាពរវាងកងពលតូចអន្តរាគមន៍លេខ៦ ជាមួយរដ្ឋបាលខេត្តកំពង់ចាម គឺយោងទៅតាមការសម្រេចរបស់រាជរដ្ឋាភិបា ល ហើយរដ្ឋបាលខេត្តកំពង់ចាម តែងតែចំណាយពេលវាលាសមស្របមួយក្នុងការចូលរួម លើកទឹកចិត្ត សួរសុខទុក្ខនិងសំណេះសំណាល ជាមួយនាយទាហាន ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម្ព័ន្ធមេត្រីភាព ដែលបញ្ជាក់ពីការគាំទ្រ ការថ្លែងអំណរគុណដល់កងកម្លាំងយើងទាំងអស់ ហើយក៏ជាការឱ្យនូវគុណតម្លៃខ្ពស់របស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារបូរណភាពទឹកដីរបស់យើង។
នៅក្នុងឧកាសនេះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ដោយសម្តេចតែងនឹករលឹកកងកម្លាំងរបស់យើងគ្រប់ពេលវេលា ហើយនៅក្នុងឱកាសឆ្នាំថ្មីនេះសម្តេចបានជូនពរ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ ជូនកងកម្លាំងកងយោធពលខេមរៈភូមិន្តយើងទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពាន។
ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា៖សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ បច្ចុប្បន្ននេះមានសភាពផុយស្រួយ ដែលបង្ករដោយយោធាថៃ ដោយបានបង្កើតនូវបាតុភាពឫសកម្មភាពអុជអាលឱ្យមានការប៉ះទង្គិចគ្នា ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ របស់យើងនៅទីនេះ គឺស្តាប់នូវបទបញ្ជា ស្តាប់នូវគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ទើបយើងរក្សាបាននូវភាពស្ងៀមស្ងាត់មកដល់ពេលនេះ។ ប៉ុន្តែបើយើងប្រើកម្លាំង ទល់នឹកកម្លាំង គឺជៀសមិនរួចពីការប៉ះទង្គិចគ្នា ហើយនាំមកនៅការខូចខាតទាំងសងខាង ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ សូមឱ្យកងកម្លាំងយើងបន្តរក្សានូវគោលជំហរ ស្តាប់នូវគោលការណ៍ និងបទបញ្ជារបស់មេបញ្ជាការឲ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងលើកទឹកចិត្ត និងគាំទ្រចំពោះកងកម្លាំងកងទ័ពកងពលតូចអន្តរាគមន៍លេខ៦ ដែលបានអនុវត្តន៍នៅបទបញ្ជាបានល្អ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺយើងធ្វើម៉េចថែរក្សាខ្សែរបន្ទាត់ព្រំដែនរបស់យើង ជាព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែនដែលមានកិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍ៕

