អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងបន្តការងារការទូតយ៉ាងសកម្មដើម្បីការពារទឹកដីនិងប្រជាជន

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តការងារការទូតយ៉ាងសកម្មដើម្បីការពារទឹកដីនិងប្រជាជន។
តំបន់ព្រំដែនកម្ពុជាដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់តាមរយៈការដាក់ទូរកុងតឺន័រនិងបន្លាលួស ក៏ដូចជាប្រជាពលរដ្ឋភៀសសឹកកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ មិនត្រូវបានរាជរដ្ឋាភិបាលនិងសហគមន៍អន្តរជាតិបំភ្លេចនោះឡើយ។ សកម្មភាពការទូតរស់រវើកត្រូវបានរៀបចំជាបន្តបន្ទាប់ទៅកាន់តំបន់ទាំងនោះ។
ជាក់ស្តែង បន្ទាប់ពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិនានាចុះទៅកាលពីថ្ងៃសុក្រ ទី២៧ ខែមីនា នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ ដល់វេនក្រុមសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាម្តង ដែលបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន និងតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ បេសកកម្មនេះ គឺដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីការគោរព និងអនុវត្តវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមបញ្ជាក់ជូនថា ក្នុងផ្នែកទី II ស្តីពីយន្តការសម្រាប់ការអនុវត្តនិងផ្ទៀងផ្ទាត់វិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួម មានចែងអំពីការទទួលស្គាល់របស់ភាគីទាំងពីរ (កម្ពុជា-ថៃ) អំពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍នេះក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសរួម។
ដូច្នេះ វត្តមានជាបន្តបន្ទាប់នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅឯតំបន់ព្រំដែនឆ្លុះបញ្ចាំងឱ្យឃើញពីការគោរពនិងការគាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាលចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍ AOT ក៏ដូចជា ការគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឆ្ពោះទៅរកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឱ្យបានឆាប់រហ័សតាមយន្តការការទូតនិងកិច្ចព្រមព្រៀងដែលមានស្រាប់ ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។
សូមបញ្ជាក់ជូនថា កម្ពុជាការពារដាច់ខាតនូវខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃ និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ៕

