ក្រសួងមុខងារសាធារណៈ នឹងរៀបចំវេទិកាកែទម្រង់ ស្តីពីការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងនូវសមិទ្ធផលការងារ ដែលក្រសួងមុខងារសាធារណៈ សម្រេចបានក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការជំរុញការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយភាពសកម្ម បុរេសកម្ម នវានុវត្តន៍ ស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។
ទន្ទឹមនឹងការលើកឡើងបែបនោះ ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួន ជាទិសដៅទៅមុខក្នុងការអនុវត្តការងារអាទិភាព ដើម្បីឱ្យក្រសួងមុខងារសាធារណៈ អាចសម្រេចបាននូវចក្ខុវិស័យរួម ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងផលប្រយោជន៍ប្រជាជន និងប្រទេសជាតិជារួម។
ជាការកត់សម្គាល់នៃការផ្តល់អនុសាសន៍នេះ ឯកឧត្តម បានបញ្ជាក់ថា “ក្រសួងមុខងារសាធារណៈ បានឯកភាពគ្នា ប្រគល់ភារកិច្ចឱ្យសាលាភូមិន្ទរដ្ឋបាល រៀបចំវេទិកាចំនួន២ ចំពោះមុខ ដើម្បីផ្តល់ឱកាសឱ្យដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងអង្គការក្រៅរាជរដ្ឋាភិបាលចូលរួម ដោយសង្ឃឹមថា វេទិកានេះ គឺជាវេទិកាមួយដែលឱ្យពួកគាត់ទទួលព័ត៌មាននូវដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈផង និងគាត់អាចបញ្ចេញមតិផង ដែលអាចឱ្យយើងយកជាធាតុចូល សម្រាប់ដំណើរការរបស់យើងទៅមុខបន្ថែមទៀតផង។ នៅពេលទៅមុខ យើងនឹងរៀបចំនូវការដ្ឋានកែទម្រង់ទាំងគន្លឺះទាំង៥ ដើម្បីជម្រាបជូនអ្នកចូលរួមថា ពេលនេះយើងបានធ្វើអ្វីខ្លះ?”
វេទិកានេះ រៀបចំឡើងដើម្បីបើកឱកាសឱ្យមានការចូលរួម និងជំរុញការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងបន្ថែមពីសមិទ្ធផលនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដល់សាធារណជន សង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យ សំដៅបង្កើនការជឿទុកចិត្ត និងការចូលរួមពីសាធារណជនឱ្យកាន់តែផុលផុស។
វេទិកានឹងមានកាអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងស្ថានទូតប្រចាំនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា៕

