អភិបាលខេត្តរតនគិរី ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ឱ្យល្អប្រសើរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

រតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទ និងហាមឃាត់ ការលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង និងដុតផាវជាដើម ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរផងដែរ។
ការលើកឡើងរបស់ ឯកឧត្តម ញ៉ែម សំអឿន យ៉ាងដូច្នេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាស្តី ពីការរៀបចំសង្ក្រាន្តឆ្នាំថ្មី ២០២៦ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តអគារ (A) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមអភិបាលខេត្ត បន្តថា កិច្ចប្រជុំនាពេលនេះ គឺផ្ដោតសំខាន់លើការងារ ការពារសន្តិសុខទាំងយប់ ទាំងថ្ងៃ ពោលគឺការពារ២៤ ម៉ោងលើ ២៤ម៉ោង ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ ជាប្រចាំដើម្បីឱ្យមានរបៀបរៀបរយល្អប្រសើរ ពេលចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ហើយឆ្នាំនេះ ក៏ដូចឆ្នាំកន្លងមក រដ្ឋបាលខេត្តនឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ។
ឯកឧត្តមបន្ថែមថា ដូច្នេះហើយសូមថ្នាក់ដឹនាំក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ត្រូវត្រៀមរៀបចំធ្វើរោងកញ្ចុះតាមអង្គភាពរបស់ខ្លួន ដើម្បីមកដាក់តាំងនៅមុខអង្គភាពរៀងៗខ្លួនចូលរួមអបអរសង្រ្កាន្តឆ្នាំថ្មី។ គ្រប់បណ្ដាអង្គភាពទាំងអស់ ចូលរួមសហការគ្នាជាមួយគណៈកម្មការរៀបចំពពិធីបុណ្រ ដើម្បីរួមចំណែករក្សា ការពារសន្តិសុខ សុវត្ថិភាព និង កែលម្អសោភ័ណភាពកន្លែងកម្សាន្តនានា និងការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យផងដែរ ខណៈពេលមានការឡើងកំដៅខ្លាំង។
តាមរយៈកិច្ចប្រជុំនេះដែរ ឯកឧត្តម ញ៉ែម សំអឿន បានអំពាវនាវឱ្យអាជីវករ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ត្រូវចូលរួមសហការឱ្យបានល្អ ក្នុងការថែរក្សាអនាម័យ និងសម្អាតបរិស្ថាន។ ចូលរួមទប់ស្កាត់ឱ្យទាន់ពេលវេលា ជាមួយកម្លាំងសន្តិសុខ នូវរាល់សកម្មភាពរបស់ជនខិលខូច ដែលឆ្លៀតឱកាសប៉ុនប៉ងមកធ្វើសកម្មភាពមិនល្អនៅក្នុងទីកម្សាន្ត ហើយត្រូវរៀបចំ ឬតាំងព្យួរ រាល់មុខទំនិញ ឱ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ តាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ និងហាមឃាត់ការលេងបាញ់ទឹកជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង និងដុតផាវជាដើមព្រមទាំងហាមលេងល្បែងស៊ីសងគ្រប់ប្រភេទ៕

