តម្លៃប្រេងសាំងនៅប្រទេសស្រីលង្កា បានកើនឡើង ២៥ភាគរយ ខណៈប្រទេសនេះត្រៀមប្រឈមមុននឹងផលប៉ះពាល់ថែមទៀតពីសង្រ្គាមនៅឯតំបន់មជ្ឈិមបូព៌ា

កូឡុំបូ៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ ទី២២ ខែមីនា តម្លៃប្រេងសាំងនៅក្នុងប្រទេសស្រីលង្កា បានកើនឡើង ២៥ភាគរយ ដែលជាសប្តាហ៍ទីពីរហើយ ខណៈប្រទេសនេះ ក៏ត្រៀមប្រឈមមុននឹងផលប៉ះពាល់ថែមទៀតពីសង្រ្គាមនៅឯតំបន់មជ្ឈិមបូព៌ា។
ប្រេងសាំងធម្មតា ត្រូវបានដំឡើងដល់ ៣៩៨រូពីស្រីង្កា ឬ ១.៣០ដុល្លារក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត ដែលប្រើប្រាស់ជាទូទៅសម្រាប់ការដឹកជញ្ជូនសាធារណៈ កើនឡើងដល់ ៣៨២រូពីស្រីង្កា ឬ ១.២៣ដុល្លារក្នុងមួយលីត្រ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលស្រីលង្កកា បានបញ្ជាឱ្យដំឡើងថ្លៃប្រេងឥន្ធនៈលក់រាយចំនួន ៨ភាគរយ ជាមួយការណែនាំឱ្យកំណត់កម្រិតប្រើប្រាស់។
តាមមន្ត្រីក្រុមហ៊ុនប្រេងរដ្ឋ Ceylon Petroleum Corporation ស្រីលង្ការំពឹងថា នឹងអាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈពី ១៥ ទៅ ២០ភាគរយ ខណៈប្រទេស នេះត្រូវតែ ត្រៀមខ្លួន សម្រាប់ ជម្លោះ អូសបន្លាយ នៅ មជ្ឈិមបូព៌ា ដែល អាច ប៉ះពាល់ ដល់ ការផ្គត់ផ្គង់ ថាមពល។
គួរបញ្ជាក់ថា ស្រីលង្កា ជាប្រទេសនាំចូលប្រេងសម្រាប់ផ្គត់ផ្គង់តម្រូវការទាំងស្រុង៕

