នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកងកម្លាំងនគរបាលត្រូវបន្ដបោសសម្អាតបទល្មើស Online Scams ឱ្យអស់ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញលើឆាកអន្ដរជាតិ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងនគរបាល ត្រូវបន្ដបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញលើឆាកអន្ដរជាតិ។
នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវប្រកាសចូលកាន់តំណែងនោះ គឺលោកឧត្តមសេនីយ៍ឯក សៀង សេន ជាអគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ត្រី សេន សុភាព ជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សង្កត់ធ្ងន់ថា ក្នុងប្រតិបត្តិការបោសសម្អាតបទល្មើស Online Scams មន្ដ្រីនគរបាលទាំងអស់ត្រូវតែបំពេញបេសកកម្មប្រកដោយជំនាញសីលធម៌ វិជ្ជាជីវៈ ឱ្យសក្តិសមជាមន្ដ្រីនគរបាលជាតិដែលជាអ្នកអនុវត្តច្បាប់ និងគោរពនូវបទបញ្ជាថ្នាក់ដឹកនាំតាមឋាននុក្រម ហើយត្រូវបញ្ចៀសនូវរាល់បាតុភាពអសកម្មណាមួយ នៅក្នុងរង្វង់ប្រតិបត្តិការរបស់កម្លាំងជំនាញ។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានគូសបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតបទល្មើស Online Scams មិនមែនធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចការលើកឡើងរបស់មតិមួយចំនួននោះទេ ពោលរាជរដ្ឋាភិបាលកម្ពុជា បន្ដឆន្ទៈខ្ពស់ក្នុងការបោសសម្អាតបទល្មើសនេះជារៀងរហូត ដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្ដរជាតិ និងបញ្ចប់នូវមតិតិះតៀនមួយចំនួន មកលើរាជរដ្ឋាភិបាលកម្ពុជា៕

