សមាជិកសមាជិការជាង១ពាន់នាក់ ចូលរួមសន្និបាត វេទិកាសន្ដិភាពកម្ពុជា នៅខេត្ដសៀមរាប
មហាសន្និបាតលើកទី១របស់វេទិកាសន្ដិភាពកម្ពុជា ដែលរៀបចំឡើងនៅវិមានមង្គល ខេត្ដសៀមរាប នាថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២២នេះ មានសមាជិកសមាជិកា មកពីតាមបណ្ដាខេត្ដផ្សេងក្នុងប្រទេសកម្ពុជា រ ចូលរួមប្រមាណជាង១ពាន់នាក់ បន្ទាប់ពីវេទិកាមួយនេះ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃជាផ្លូវការ និងបានធ្វើសកម្មភាពការងារសង្គមបានជាងមួយឆ្នាំកន្លងមក។
ឯកឧត្ដម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា បានថ្លែងថា វេទិការសន្តិភាពកម្ពុជា បង្កើតឡើងក្នុងគោលបំណងរៀបចំឱ្យមានវេទិកាសាធារណៈ សម្រាប់ប្រជាពលរដ្ឋស្ថិតនៅក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ សម្រាប់សិស្សនៅតាមវិទ្យាល័យ និងសម្រាប់និស្សិតនៅមហាវិទ្យាល័យនានា ដើម្បីផ្សព្វផ្សាយពន្យល់ឱ្យប្រជាពលរដ្ឋ និងយុវជនខ្មែរ សិស្ស និស្សិតយល់ដឹងពីឬសគល់នៃដំណើរប្រវត្តិដ៏លំបាកអំពីការកសាងសន្តិភាព អំពីតម្លៃសន្តិភាព និងផលប្រយោជន៍នានាដែលទទួលបានពីសន្តិភាព ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះមគ្គុទេសក៍សន្តិភាព និងភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ឯកឧត្ដមបានបន្ដថា ការធ្វើមហាសន្នីបាតវេទិកាសន្ដិភាពកម្ពុជានេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល៣ឆ្នាំម្ដង ក្រោយពីបញ្ចេញលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់នៅក្រសួងមហាផ្ទៃហើយ ដើម្បីជ្រើសតាំងថ្នាក់ដឹកនាំ និងប្រកាសសុពលភាពអាណត្ដិរបស់សមាជិកនៃវេទិកានេះ។នៅក្នុងមហាសន្នីបាត នៃវេទិកាសន្ដិភាពនេះ បានលើកឡើងនូវរបាយការណ៍ដែលធ្វើសកម្មភាពមនុស្សធម៌នៅតាមបណ្ដាខេត្ដមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមក។វេទិកាសន្តិភាពកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្តួចផ្តើមឡើងពីឆន្ទៈរបស់ក្រុមយុវជន និងប្រជាពលរដ្ឋខ្មែរ ជាអ្នកស្រឡាញ់សន្តិភាព ស្គាល់អំពីតម្លៃពិតប្រាកដ នៃសន្តិភាព និងប្តេជ្ញាការពារសន្តិភាពយ៉ាងមុតមាំដែលបានមកពីការលះបង់ពិកម្មតស៊ូដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានខិតខំប្រឹងប្រែងស្វែងរកដោយលំបាកយកមកផ្តល់ជូនប្រជាពលរដ្ឋខ្មែរ៕