អភិបាលខេត្តកំពត ណែនាំដល់អាជ្ញាធរ មន្ទីរ-អង្គភាពជំនាញ កងកម្លាំង ឱ្យពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់ការវិលត្រឡប់ នៃការឆបោកតាមអនឡាញ

កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរ មន្ទីរ-អង្គភាពជំនាញ កងកម្លាំង ឱ្យចូលរួមពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្លាប់សង្គម ពិសេសរួមគ្នាទប់ស្កាត់ការវិលត្រឡប់មកវិញនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលបំណងដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកលេងខេត្តកំពតកាន់តែច្រើន ជួយលើកកម្ពស់ដល់សេដ្ឋកិច្ចខេត្ត និងប្រជាជន។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៩ ខែមីនានេះ ឯកឧត្តមអភិបាលខេត្តកំពត ក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ មន្ត្រីជំនាញពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ច ទាំងផ្នែកទឹក និងគោក ត្រូវសហការរួមគ្នាបន្តទប់ស្កាត់កុំឱ្យមានលំហូរទំនិញហាមឃាត់ពីប្រទេសថៃចូលមកកម្ពុជា តាមច្រកគោក ឬច្រកទឹកក្នុងភូមិសាស្ត្រខេត្តកំពតជាដាច់ខាត ព្រោះវាជាការប្រមាថមួយដល់ក្រុមគ្រួសារ និងវីរកងទ័ពពលី ដែលបានបូជាជីវិតដើម្បីការពារសន្តិភាព និងបូរណភាពទឹកដី។
ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យរួមគ្នាទប់ស្កាត់ការវិលត្រឡប់មកវិញនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ការសម្អាតអនាម័យបរិស្ថាន សម្អាតតំបន់ឆ្នេរ និងហាមឃាត់រាល់សកម្មភាពរំលោភបំពានយកដីដៃព្រែក និងរក្សាការពារដីរដ្ឋឱ្យបានល្អប្រសើរ។
បើតាមការបញ្ជាក់របស់ ឯកឧត្តមអភិបាលខេត្តថា ការរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបង្កើតសមិទ្ធផលទេសចរណ៍ ការរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពបានល្អប្រសើរ មិនត្រឹមតែជួយលើកកម្ពស់ដល់សេដ្ឋកិច្ចប្រជាជន និងខេត្តប៉ុណ្ណោះទេ តែវាបានបង្ហាញនូវតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ៕

