UN ប៉ាន់ប្រមាណថា នៅឆ្នាំ២០២៤ មានកុមារប្រហែល ៤.៩លាននាក់បានស្លាប់ មុនពេលពួកគេចូលដល់អាយុ ៥ឆ្នាំ

ឡុងដ៏៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា អង្គការសហប្រជាជាតិ (UN) ប៉ាន់ប្រមាណថា នៅឆ្នាំ២០២៤ មានកុមារប្រហែល ៤.៩លាននាក់បានស្លាប់ មុនពេលពួកគេចូលដល់អាយុ ៥ឆ្នាំ ដែលជាសញ្ញាបង្ហាញថា វឌ្ឍនភាពជុំវិញការកាត់បន្ថយអត្រាមរណភាពកុមារកំពុងជាប់គាំង សូម្បីតែនៅមុនពេលមានកាត់បន្ថយថវិកាជំនួយសកលក៏ដោយ។
របាយការណ៍របស់ទីភ្នាក់ងារមួយចំនួននៃ UN ដូចជាអង្គការមូលនិធិកុមារ (UNICEF) ធនាគារពិភពលោក អង្គការសុខភាពពិភពលោក និងអង្គការជំរឿនប្រជាជន បានលើកឡើងថា ការស្លាប់ភាគច្រើនអាចទប់ស្កាត់បាន តាមរយៈសេវាថែទាំសុខភាពកាន់តែប្រសើរ និងកិច្ចអន្តរាគមន៍ងាយៗសម្រាប់បញ្ហាប្រឈម ដូចជាផលវិបាកពីការសម្រាលកូនមិនគ្រប់ខែ ឬជំងឺគ្រុនចាញ់ជាដើម។
អត្រាស្លាប់ របស់កុមារ បានធ្លាក់ចុះ ជាង ពាក់កណ្តាល ចាប់តាំងពី ឆ្នាំ ២០០០ ប៉ុន្តែ វឌ្ឍនភាព បាន ថយចុះ តាំងពី ឆ្នាំ ២០១៥។ តួលេខនេះគឺគ្របដណ្តប់លើឆ្នាំ ២០២៤ មុនពេលសហរដ្ឋអាមេរិក បន្ទាប់មកប្រទេសផ្តល់ជំនួយធំៗផ្សេងទៀត ដូចជាចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ផ្តើមកាត់បន្ថយថវិកាជំនួយអន្តរជាតិ។
និយាយជារួម ជំនួយអភិវឌ្ឍសុខភាពសកល ដែលបានធ្លាក់ចុះជិត ២៧ភាគរយក្នុងឆ្នាំ ២០២៥ បើប្រៀបធៀបឆ្នាំ ២០២៤ នឹងប៉ះពាល់ទៅដល់វឌ្ឍនភាពនៃការកាត់បន្ថយអត្រាមរណភាពកុមារថែមទៀត៕

