ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី បើកវេទិកាសាធារណៈដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ

ខេត្តក្រចេះ៖ កាលពីព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីចុះជួបផ្ទាល់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ។
វេទិកានេះត្រូវបានរៀបចំឡើងនៅភូមិព្រះគន្លង ឃុំបុសលាវ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។ ក្នុងនោះមានសមាសភាពចូលរួមសរុបចំនួន ២៣៥ នាក់ (ស្រី ៧៤ នាក់) រួមមានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋ ។
ជាលទ្ធផល ក្រុមការងារទទួលបានសំណូមពរពីពលរដ្ឋចំនួន ៣ ករណី ដែលក្នុងនោះ ៖បានដោះស្រាយរួចរាល់ចំនួន ២ ករណី និងកំពុងបន្តនីតិវិធីដោះស្រាយចំនួន ១ ករណី ។
បន្ទាប់ពីបញ្ចប់វេទិកា ឯកឧត្តមប្រធាន រួមជាមួយអាជ្ញាធរស្រុក និងក្រុមការងារ បានបន្តចុះសួរសុខទុក្ខគ្រួសារជនពិការម្នាក់នៅភូមិតាលុស ឃុំបុសលាវ ។ ក្នុងឱកាសនោះ ក្រុមការងារបាននាំយកអំណោយសប្បុរសធម៌របស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមមាន រទេះរុញ ចំនួន ១ គ្រឿង ,គ្រឿងឧបភោគបរិភោគ៖ មី ១ កេស និងភេសជ្ជៈ ១ កេស និងថវិកា ចំនួន ១០០,០០០ រៀល ៕

