កម្ពុជាកំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នុងច្បាប់នេះ ក៏បានកំណត់ និងដាក់ចេញនូវកាតព្វកិច្ចមួយចំនួនចំពោះអ្នកពាក់ព័ន្ធរួមទាំងម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជន។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥និងលើកទិដៅការងារឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។
សម្ដេចធិបតី បានបញ្ជាក់ជាថ្មីថា បញ្ហាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក៏ជាបញ្ហាដែលយើងត្រូវសម្អាតផ្ទះយើងដែរ ខណៈការងារនេះរាជរដ្ឋាភិបាលបានខិតខំធ្វើតាំងតែពីអាណត្តិមុនមកម្លេះ។
ទន្ទឹមនិងនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្ក្រាប និងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)នេះបន្តទៀត ដើម្បីរួមគ្នាសម្អាតផ្ទះយើង ខណៈ ការអនុវត្តកន្លងមកនេះទទួលបានលទ្ធផល្អប្រសើរ និងមានការសហការល្អពីគ្រប់ផ្នែករួមទាំងប្រជាពលរដ្ឋផងដែរ៕

