ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធស្ដីពីប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធស្ដីពីប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. និងបិទដោយ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. នៅសាលប្រជុំអគារ S ទីស្តីការក្រសួងមហាផ្ទៃ។
សិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធនេះ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសហការរៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកា នៃ គ.ជ.អ.ប. ឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក តំណាង JICA ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត នាយករដ្ឋបាលសាលារាជធានី ខេត្ត អភិបាលខណ្ឌទាំង១៤នៃរាជធានី និងចៅសង្កាត់នៃរាជធានី និងតំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងអំពីប្រព័ន្ធនៃការគ្រប់គ្រងទីក្រុងមេត្រូប៉ូលតែន នៅបណ្តាប្រទេសក្នុងតំបន់រួមមាន ប្រទេសជប៉ុន ប្រទេសឥណ្ឌូណេស៊ី និងប្រទេសហ្វ៊ីលីពីដល់អ្នកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបាននូវចំណេះដឹង និងជាធាតុចូលបន្ថែមទៀតក្នុងការគិតគូរអំពីជម្រើសសមស្របនានាសម្រាប់រៀបចំរដ្ឋបាលរាជធានីភ្នំពេញឱ្យក្លាយទៅជារដ្ឋបាលមេត្រូប៉ូលីតែន ស្របតាមការតម្រង់ទិសនៃកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) ក្រោមក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
សូមជម្រាបជូនថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមចែករំលែកដោយ សាស្ត្រាចារ្យ កាមីកូ អាគីអូ (KAMIKO AKIO) ជាទីប្រឹក្សាផ្នែកគោលនយោបាយរដ្ឋបាលមូលដ្ឋានបានជួយគាំទ្រដល់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ (ជំនាញការរបស់ JICA) លើប្រធានបទ ស្តីពីការសិក្សាប្រៀបធៀបរវាងប្រព័ន្ធរដ្ឋបាលទីក្រុងមេត្រូប៉ូលីតែននៅប្រទេសឥណ្ឌូណេស៊ី ប្រទេសហ្វីលីពីន និងប្រទេសជប៉ុន និងដោយ សាស្ត្រាចារ្យ អេឡិច ប៊្រីឡានតេស ជេអរ (Allex Brillantes Jr.) មកពីសាកលវិទ្យាល័យហ្វ៊ីលីពីន នៃប្រទេសហ្វ៊ីលីពីន លើប្រធានបទស្ដីពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលមេត្រូប៉ូលីតែននៃប្រទេសហ្វ៊ីលីពីន៕

