បណ្ឌិត ហ៊ុន ម៉ាណែត៖ គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលគឺឈរលើបុព្វហេតុជាតិ និងប្រជាជន ជាកត្តាអាទិភាពខ្ពស់បំផុត
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលគឺឈរលើបុព្វហេតុជាតិ និងប្រជាជន ជាកត្តាអាទិភាពខ្ពស់បំផុត។
ក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលគឺឈរលើបុព្វហេតុជាតិ និងប្រជាជន ជាកត្តាអាទិភាពខ្ពស់បំផុត ដូចដែលមានស្តែងឡើងតាមរយៈស្នាដៃប្រវត្តិសាស្ត្រជាច្រើន ជាអាទិ៍ការចូលរួមចំណែកការពារដាច់ខាតនូវឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្តួលរំលំរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ និងការចូលរួមស្តារ កសាង និងអភិវឌ្ឍជាតិ ទាំងក្នុងដំណាក់កាលដ៏លំបាកបំផុត ក៏ដូចជាដំណាកកាលសុខសន្តិភាព ដូចពេលបច្ចុប្បន្ន”។
ឯកឧត្តម បន្តថា លទ្ធិប្រជាធិបតេយ្យ គឺផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋជាអ្នកកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួនតាមរយៈការចូលរួមបោះឆ្នោត ហើយប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨០% បានទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាសក្ខីភាពបង្ហាញថា កម្ពុជាកំពុងដើរតាមផ្លូវប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
ឯកឧត្តម ហ៊ុន ម៉ាណែតបន្ថែមថា ជាពិសេស លទ្ធផល ក៏បានបង្ហាញផងដែរថា ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ បានបន្តផ្តល់ជំនឿទុកចិត្ត និងការគោរពស្រឡាញ់គាំទ្រចំពោះ សម្តេចតេជោ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបន្តភារកិច្ចដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងការរីកចម្រើនទៅមុខទៀត៕