អភិបាលខេត្តរតនគិរី ណែនាំមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវសម្អាតអនាម័យបរិស្ថាន និងតុបតែងលម្អតាមអង្គភាពឱ្យបានស្អាតល្អ ដើម្បីត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មី

រតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានណែនាំឱ្យមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវសម្អាតអនាម័យបរិស្ថាន តុបតែងលម្អតាមអង្គភាពឱ្យបានស្អាតល្អ ដើម្បីត្រៀមរៀបចំសង្ក្រាន្ត ឆ្នាំថ្មី ឆ្នាំ២០២៦។
ការណែនាំរបស់ឯកឧត្ដមអភិបាលខេត្តរតនគិរី យ៉ាងដូច្នេះបានធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត បានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ A សាលាខេត្ត នាទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តម អភិបាលខេត្តបន្តថា រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដូចឆ្នាំកន្លងទៅ។
ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា «ដូច្នេះហើយសូមឱ្យថ្នាក់ដឹនាំក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ចូលរួមសហការគ្នាធ្វើអនាម័យ តុបតែងលម្អ តាមអង្គភាពនិមួយៗ ជាពិសេសចូលរួមចំណែករក្សា ការពារនូវសន្តិសុខ សុវត្ថិភាព និងកែលម្អសោភណភាពក្នុងមណ្ឌលកម្សាន្តនានា និងការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យផងដែរ ខណៈពេលនេះមានការឡើងកំដៅ ហើយគណៈកម្មការគ្រប់គ្រងពិធីបុណ្យ ស្នើឱ្យបងប្អូនអាជីវករទាំងអស់គោរព និង អនុវត្តន៍តាមតាមការណែនាំរួមមាន៖ ត្រូវចូលរួមសហការឱ្យបានល្អ ក្នុងការថែរក្សាអនាម័យ និង សម្អាតបរិស្ថាន។ ចូលរួមទប់ស្កាត់ឱ្យទាន់ពេលវេលា ជាមួយកម្លាំងសន្តិសុខ នូវរាល់សកម្មភាពរបស់ជនខិលខូច ដែលឆ្លៀតឱកាសប៉ុនប៉ងមកធ្វើសកម្មភាពមិនល្អនៅក្នុងទីកម្សាន្តនានាជាដើម៕

