អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យតាមដានរាល់កម្មភាពនៅតាមអាគារ ឬទីតាំងណាដែលសង្ស័យថា មានករណី( អនឡាញស្គេម) ត្រូវចុះពិនិត្យបោសសម្អាតដោយមិនមានការលើកលែងឡើយ

ស្វាយរៀង៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាង ឯកឧត្តម ប្រធានសាលាដំបូងខេត្ត តំណាង ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក មេធាវីរដ្ឋបាលខេត្ត លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនដល់ប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសរៀបចំពិធីប្រកួតកីឡាទូក ង ទូកនាគ ទូកកានូ ទូកកៃយ៉ាក់ និងរ៉ូអ៉ីងកម្ពុជា ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅទីតាំងទន្លេវ៉ៃគោ ដែលបានបញ្ចប់ទៅដោយរលូន និងបង្ករភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្ត ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យតាមដានរាល់កម្មភាពនៅតាមអាគារ ឬទីតាំងណាដែលសង្ស័យថា មានករណី( អនឡាញស្គេម)ត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធដេីម្បីចុះពិនិត្យបោសសម្អាតឱ្យដល់ ឬសគល់ចេញពីមូលដ្ឋានដោយមិនមានការលើកលែងឡើយ។
២.រដ្ឋបាលក្រុង/ស្រុក និងអាជ្ញាធរជំនាញពាក់ព័ន្ធត្រូវបន្តការខិតខំដោះស្រាយបញ្ហានានាពាក់ព័ន្ធ និងបណ្តឹង សំណើរសំណូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយអស់ពីលទ្ធភាព។
៣.ត្រូវខិតខំទប់ស្គាត់ឱ្យបានម៉ឺងម៉ាត់ រាល់សកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួនដែលសង់ទន្ទ្រានលើដីរបស់រដ្ឋដូចជា ដីចំណីផ្លូវ ព្រែក ប្រឡាយ ស្ទឹង បឹងបួរជាដើម ត្រូវទប់ស្កាត់ដោះស្រាយឱ្យបានទាន់ពេលវេលា។
៤.អភិបាលរងខេត្តទទួលបន្ទុក និងមន្ទីរការងារត្រូវបន្តពិនិត្យតាមដានរាល់សកម្មភាពមិនល្អណាមួយក្នុងការបំពេញការងាររបស់កម្មករដូចជា បញ្ហាប្រាក់ឈ្នួលជាដើមត្រូវពិនិត្យដោះស្រាយ។
៥.បន្តពង្រឹងការបង្ក្រាបក្មេងទំនើង និងទប់ស្កាត់ការជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
៦.រដ្ឋបាលក្រុង/ស្រុកត្រូវ បន្តការសហការតាមដានព័ត៌មានដែលបានផ្សាយពីចំណុចអវិជ្ជមាននានាពីមូលដ្ឋានរបស់ខ្លួន និងត្រូវពិនិត្យដោះស្រាយ ឆ្លើយតបឱ្យបានត្រឹមត្រូវទាន់ពេលវេលា។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនៅថ្ងៃនេះដែរ ឯកឧត្តម អភិបាលខេត្ត បានផ្តល់កិត្តិយសផ្តល់ជូននូវថវិកា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជូនដល់លោកអភិបាលក្រុង/ស្រុក ដើម្បីផ្តល់ទៅឱ្យឃុំ/សង្កាត់ដែលជាប់ចំណាត់ថ្នាក់ផងដែរ៕

