ប្អូនប្រុសរបស់ព្រះមហាក្សត្រចក្រភពអង់គ្លេសត្រូវបានប៉ូលិសដោះលែងវិញ បន្ទាប់ពីការឃាត់ខ្លួនក្រោមការសង្ស័យបានប្រព្រឹត្តមិនត្រឹមត្រូវ អំឡុងពេលកាន់តួនាទីជាមន្រ្តីសាធារណៈ

ឡុងដ៍៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ប្អូនប្រុសរបស់ព្រះមហាក្សត្រចក្រភពអង់គ្លេស គឺអតីតព្រះអង្គម្ចាស់ Andrew Mountbatten-Windsor ត្រូវបានប៉ូលិសដោះលែងវិញ បន្ទាប់ពីការឃាត់ខ្លួន ក្រោមការសង្ស័យបានប្រព្រឹត្តមិនត្រឹមត្រូវ អំឡុងពេលកាន់តួនាទីជាមន្រ្តីសាធារណៈ ជុំវិញការចោទប្រកាន់ថា រូបលោកបានផ្ញើឯកសារសម្ងាត់រដ្ឋាភិបាល ទៅកាន់ពិរុទ្ធជនផ្លូវភេទអាមេរិក លោក Jeffrey Epstein។
លោក Mountbatten-Windsor ត្រូវបានសាកសួរមួយថ្ងៃពេញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយក្រុមភ្នាក់ងារស៉ើបអង្កេតមកពីស្ថាប័នប៉ូលិសប្រចាំតំបន់ Thames Valley នៃប្រទេសអង់គ្លេស។ កន្លងទៅថ្មីៗនេះ ប៉ូលិស Thames Valley បានឱ្យដឹងថា ពួកគេកំពុងស៉ើបអង្កេតលើការចោទប្រកាន់ដែលថា អតីតព្រះអង្គម្ចាស់រូបនេះ បានបញ្ជូនឯកសារ ឱ្យទៅលោក Epstein អំឡុងពេលមានតួនាទីជា បេសកជនពាណិជ្ជកម្មរបស់រដ្ឋាភិបាលអង់គ្លេស។
ភ្នាក់ងាររបស់ Reuters បានឃើញលោក Mountbatten-Windsor ចាកចេញពីស្ថានីយប៉ូលិសវិញ កាលពីម៉ោង ៧យប់ថ្ងៃព្រហស្បតិ៍ ម៉ោង GMT ដោយជិះនៅកៅអីខាងក្រោយនៃរថយន្តមួយគ្រឿង។ ប៉ូលិសតំបន់ Thames Valley បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា បុរសដែលត្រូវបានចាប់ខ្លួន ដោយចង់សំដៅលើអតីតព្រះអង្គម្ចាស់ Andrew គឺត្រូវបានដោះលែងវិញហើយ ប៉ុន្តែបន្តស្ថិតក្រោមការស៉ើបអង្កេត។
ពាក់ព័ន្ធដំណឹងនៃការចាប់ខ្លួនប្អូនប្រុស មហាក្សត្រអង់គ្លេស គឺព្រះអង្គ Charles បានមានព្រះបន្ទូលថា អាជ្ញាធរទទួលបានការគាំទ្រនិងសហការពេញទំហឹងពីគ្រួសាររាជវង្ស ហើយទ្រង់បានសង្កត់ធ្ងន់ថា ច្បាប់ចាំបាច់ត្រូវតែអនុវត្តជាធម្មតា ដោយពុំមានអន្តរាគមន៍អ្វីទាំងអស់។
ការចាប់ខ្លួនខាងលើ គឺជាភាពអាប់ឱនថ្មីមួយកម្រិតទៀត សម្រាប់អតីតព្រះអង្គម្ចាស់ ដែលត្រូវបានបង្ខំឱ្យលាលែងពី រាជកិច្ចផ្លូវការទាំងអស់កាលពីឆ្នាំ២០១៩ ជុំវិញទំនាក់ទំនងជាមួយពិរុទ្ធជន Epstein ហើយបន្ទាប់មក ក៏ត្រូវបានព្រះអង្គ Charles ដកហូតងារជាព្រះអង្គម្ចាស់ និងតំណែងផ្សេងៗទៀត កាលពីខែតុលា ឆ្នាំមុន ក្រោយពេលមានការលាតត្រដាងបន្ថែម អំពីទំនាក់ទំនងរវាងអ្នកទាំងពីរ។
គួរបញ្ជាក់ថា លោក Jeffrey Epstein គឺជាអតីតមហាសេដ្ឋីហិរញ្ញវត្ថុអាមេរិកមួយរូប ដែលធ្លាប់ស្គាល់បុគ្គលមានអំណាចច្រើន ហើយបានស្លាប់ដោយធ្វើអត្តឃាតនៅក្នុងពន្ធនាគារ កាលពីឆ្នាំ២០១៩។ អតីតព្រះអង្គម្ចាស់ Andrew ជាបុត្រាទីពីររបស់អតីតព្រះមហាក្សត្រី Elizabeth តែងតែបដិសេធជានិច្ចថា មិនបានធ្វើខុសណាមួយឡើយ ទាក់ទងនឹងសំណុំរឿង Epstein ហើយបាននិយាយថា ខ្លួនសោកស្តាយចំពោះមិត្តភាពនេះ៕
