អាជ្ញាធរខេត្តសៀមរាប ប្រារព្ឋបុណ្យរុក្ខទិវាថ្នាក់ខេត្ត នៅស្រុកបន្ទាយស្រី
ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបនៅថ្ងៃទី៥កក្តដានេះ សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំដាំកូនឈើទាល ចំនួន២ពាន់៣០០ដើម នៅលើផ្ទៃដី២ហិកតាស្ថិតនៅក្នុងស្ថានីយស្តារនិងអភិវឌ្ឍព្រៃឈើក្នុង ភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលជាទីតាំងព្រៃរិចរិលនិងធ្លាប់រងការគម្រាមកំហែងជារៀងរាល់ឆ្នាំបង្កឡើងដោយជនខិលខូចលួចដុតទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ឋ ជាញឹកញាប់ផងដែរ។ពិធីនេះធ្វើឡើងដើម្បីអបអរសាទររុក្ខទិវា៩កក្កដា។
លោក ទា គឹម សុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានរាយការណ៍អំពីស្ថានភាពការងារសហគមន៍ព្រៃឈើការងារបណ្តុះកូនឈើព្រមទាំងការងារបង្ក្រាបបទល្មើសព្រៃឈើជាដើម។ល។ក្នុងនោះសហគមន៍ព្រៃឈើកើនឡើងបាន ៦២សហគមន៍ ដែលគ្រប់ដណ្តប់លើផ្ទៃដី ចំនួន ៣៤ពាន់៤០១ហិកតា និង សហគមន័ព្រៃឈើបានចុះកិច្ចព្រមព្រៀង បាន ៥៥សហគមន៍ ដែលមានផ្ទៃដី ៣១ពាន់៩៩ហិកតា។ពាក់ពន្ឋ័នឹងការងារបង្រ្កាបបទល្មើសព្រៃឈើនិងសត្វព្រៃ មន្ទីរបានចាត់តាំងនិងពង្រឹងការងារយាមល្បាតជាប្រចាំ ជាមួយគ្នានេះតាមបណ្តា សង្កាត់ផ្នែករដ្ឋបាលព្រៃឈើក្រុងស្រុកក៍បានចាត់ក្រុមការងារចល័តនិងក្រុមអន្តរាគមន៍ដាក់តាមគោលដៅក្នុងបណ្តាគោលដៅទាំង១២ក្រុងស្រុក ជាក់ស្តែងក្នុងឆមាសទី១ឆ្នាំ២០២២បង្ក្រាបបទល្មើសព្រៃឈើបាន១៦ករណី ដោយពិន័យអន្តរការណ៍៨ករណីបញ្ជូនទៅតុលាការ៨ករណី និងរឹបអូសវត្ថុតាងរថយន្ត៤គ្រឿង រណារយន្ត១២គ្រឿងនិងបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ។លោក ទា គឹមសុទ្ឋ មានប្រសាសន៍ទៀតថា៖ទន្ទឹមនឹងការខិតខំប្រឹងប្រែងខាងលើនេះ ក៍នីមានបញ្ហាមួយចំនួនក្នុងការគ្រប់គ្រងនិងអភិវឌ្ឍវិស័យព្រៃឈើ បញ្ហានោះមានដូចជា ការទន្ទ្រានហ៊ុព័ទ្ឋដីព្រៃឈើក្រោមរូបភាពឈូសឆាយដីកសិកម្ម រូបភាពអាស្រ័យផល ការទិញលក់និងការលួចកាប់ឈើពូជក្រញូងជាដើម។ដើម្បីជម្នះនូវបញ្ហាទាំងនេះ តម្រូវឱ្យមានការចូលរួមយ៉ាងទូលំទូលាយពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីសម្រេចគោលដៅនៃការគ្រប់គ្រងធនធានព្រៃឈើដោយចីរភាព។
ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា៖ការដាំដើមឈើនៅពេលនេះ បង្ហាញនូវអត្ថន័យដ៍ជ្រាលជ្រៅសម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋមន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះនិងការពារព្រៃឈើ ក៍ដូចជាជួយជម្រុញផលប្រយោជន៍ដល់ប្រជារាស្រ្តក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្មនិងបង្កើនសុខុមាលភាពគ្រួសារព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ម្យ៉ាងវិញទៀត ពិធីដាំឈើអបអរសារទរបុណ្យរុក្ខទិវានេះ គឺជាកការដង្ហែរតាមព្រះរាជតំរិៈដ៍ខ្ពង់ខ្ពស់របស់ព្រះករុណា ព្របាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដិ ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ដល់បញ្ហាព្រៃឈើនិងការដាំដើមឈើ ជាអាទិភាពចម្បង។ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ត្រូវធ្វើការបញ្ឈប់ជាបន្ទាន់នូវទង្វើររបស់ខ្លួន និង ការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃឈើខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ គឺជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ នឹងកើតភ្លាមចំពោះសង្គមជាតិ ។ យើងត្រូវរួមសាមគ្គីគ្នាបណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើនិងបណ្តុះឡើងវិញនូវទស្សនៈសន្សំសំចៃក្នុងការប្រើប្រាស់ផលនិងអនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឱ្យទៅជានិតិរដ្ឋ។បន្ថែមពីនេះ ចំពោះកូនឈើដែលដាំហើយ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជារាស្ត្រនៅនឹងកន្លែង មេត្តាសកម្មចូលរួមថែរក្សាឱ្យបានហ្មត់ចត់ជាប្រចាំដើម្បីឱ្យកូនឈើទាំងនោះលូតលាស់ធំធាត់ឆាប់រហ័សនិងពុំបាត់បង់ទៅវិញ៕