គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤

កំពង់ចាម៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធាន និងលោកជំទាវ អៀម វណ្ណី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ព្រមទាំងលោកជំទាវ ជាន ឡេងទៀង សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន បានអញ្ជើញជាគណៈអធិបតី បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ចើញចូលរួមពីប្រធាន និងតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ជាសមាជិក សមាជិកា ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះលោក លោកស្រីជាថ្នាក់ដឹកនាំ និងសហការីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ រហូតទទួលបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ក្នុងការបំពេញកិច្ចការងារកន្លងមក។
ជាមួយនោះ លោកជំទាវ ក៏បានស្នើទៅដល់អ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ បំពេញការងារបន្ថែមទៀត ដើម្បីយើងរួមគ្នាឈានទៅសម្រេចផែនការគ្រោង ដូចមានចែងនៅក្នុងតួនាទីភារកិច្ច របស់ គ.ក.ស.ក ជាបន្តបន្ទាប់ទៀត។
កិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម មានរបៀបវារៈសំខាន់ៗ ចំនួន៤ គឺ ទី១៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រី និងកុមារ ខេត្ត អាណត្តិទី៤។ ទី២៖ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍សកម្មភាពប្រចាំខែមករា និងប្រចាំឆ្នាំ២០២៦ របស់គណៈ កម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត អាណត្តិទី៤។ ទី៣៖ បញ្ហាផ្សេងៗ សេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទ និងទីកន្លែងសំរាប់កិច្ចប្រជុំសាមញ្ញលើកទី២០ និងមតិបិទអង្គប្រជុំ៕

