ឧត្តមសេនីយ៍ឯក ហោ សំអាត៖ ការប្រើប្រាស់យុទ្ធសាស្ត្រ “ បន្លាមុត យកបន្លាជោះ ” គឺជាជម្រើសដ៏ចាំបាច់បំផុតដែលត្រូវប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្ក្រាបបទល្មើសបច្ចេកវិទ្យា

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានមានប្រសាសន៍លេីកឡេីងទៀតថា ការប្រើប្រាស់យុទ្ធសាស្ត្រ “បន្លាមុត យកបន្លាជោះ” គឺជាជម្រើសដ៏ចាំបាច់បំផុត ដែលត្រូវប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្ក្រាបបទល្មើស បច្ចេកវិទ្យា ព្រមជាមួយគ្នានោះ ការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ឱ្យមានជំនាញ ឌីជីថលកម្រិតខ្ពស់ ការបំពាក់ប្រព័ន្ធកាមេរ៉ាវៃឆ្លាត (AI) និងការប្រើប្រាស់ ដ្រូន (Drone) ដើម្បីបម្រើឱ្យកិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គឺជាកិច្ចការដែលមិនអាចពន្យារពេលបានឡើយ ដើម្បីធានាបាននូវបណ្តាញឌីជីថលមួយដែលប្រកបដោយ “ទំនុកចិត្ត និងសុវត្ថិភាព” សម្រាប់ប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះនាឱកាសដែរឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦។
ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តលេីកឡេីងទៀតថា បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដែលបានជ្រៀតចូលគ្រប់វិស័យ រាប់ទាំងសន្តិសុខជាតិ និងរដ្ឋបាលសាធារណៈ ហេីយការវិវត្តនេះប្រៀបដូចជា “អាវុធ មុខពីរ” ដោយខណៈពេលដែលវាផ្តល់ភាពងាយស្រួល វាក៏បានបង្កឱ្យមានការគំរាមកំហែងថ្មីៗ ដល់សន្តិសុខជាតិ សិទ្ធិបុគ្គល និងឯកជនភាពតាមរយៈ បទល្មើសបច្ចេកវិទ្យាដែលមានភាពស្មុគស្មាញ និងគ្មានព្រំដែន។
សូមបញ្ជាក់ផងដែរ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នឹងបិទនៅរសៀលថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ៕
