រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២៦-២០២៨

តាកែវ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារកសាងផែនការខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) ក្រោមអធិបតីភាព លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ។
ក្នុងឱកាសនោះ លោក ញ៉ែម ស្រស់ បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមការងារកសាងផែនការខេត្ត ព្រមទាំងអង្គភាពចំណុះសាលាខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើ ការពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាប្រឈមនានា រំលេចនូវរាល់សមិទ្ធផលដែលមន្ទីរវិស័យនីមួយៗសម្រេចបានកន្លងមក នឹងធានាថាគម្រោងវិនិយោគដែលបានដាក់បញ្ចូល មានភាពត្រឹមត្រូវ និងច្បាស់លាស់ជាទីបំផុត។
ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានស្នើឱ្យសមាជិកអង្គប្រជុំទាំងអស់ ចូលរួមពិភាក្សាគ្នាឱ្យបានផុលផុស ដើម្បីធ្វើការកែលម្អចំណុចខ្វះខាតក្នុងវិស័យរបស់ខ្លួន ដោយលោកបានបញ្ជាក់ថការចូលរួមកិច្ចប្រជុំសំខាន់ៗក្នុងដំណើរការកសាងកម្មវិធីវិនិយោគនេះ គឺវាពិតជាមានសារៈសំខាន់ណាស់ ព្រោះការងារមួយចំនួនត្រូវការការសម្រេចចិត្តដោយផ្ទាល់ពីប្រធានអង្គភាពជាចាំបាច់។
ជាចុងក្រោយ លោក ញ៉ែម ស្រស់ បានជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រុមលេខាធិការបច្ចេកទេស (មន្ទីរផែនការខេត្ត និងទីចាត់ការផែនការវិនិយោគខេត្ត) និងបានស្នើឲ្យមន្ទីរនីមួយៗ ត្រូវផ្ដល់ឯកសារដែលកែតម្រូវបន្ថែម ត្រឡប់មកវិញយ៉ាងយូរ ០២ ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំ ហើយមួយវិញទៀតធានាឱ្យបាននូវការបញ្ចប់សេចក្ដីព្រាងឱ្យទាន់ពេលវេលា ដើម្បីដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត នៅចុងខែនេះ៕

