ជប៉ុន នឹងជួយសាងសង់សារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីនថ្មីមួយនៅខេត្ដសៀមរាប
ប្រទេសជប៉ុន បានសន្យាថា នឹងជួយសាងសង់អគារថ្មីមួយ កម្ពស់២ជាន់ ជូនសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីតម្កល់គ្រប់យុទ្ធភ័ណ្ឌសំណល់ពីសង្គ្រាមនៅកម្ពុជា ក៏ដូចជាឯកសារផ្សេងៗផងដែរ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានប្រាប់ឲ្យដឹងនៅក្រោយ បញ្ចប់ដំណើរទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន របស់ប្រតិភូមួយក្រុម ដែលដឹកនាំដោយ អតីតរាជទូតជប៉ុន ប្រចាំកម្ពុជា លោក Gorato Ogawa នៅថ្ងៃទី០៤ ខែកក្កដានេះថា នាពេលខ្លីខាងមុខនេះ អង្គភាពស៊ីម៉ាក់ នឹងទទួលបានសារមន្ទីរថ្មីមួយ ដែលគ្រោងនឹងសាងសង់លើផ្ទៃដីទំហំ២ហិកតានៃផ្ទៃដីសរុប១២ហិកតា ។ ឯកឧត្តមបន្តថា សារមន្ទីរដ៏ធំនេះ ជាជំនួយរបស់ប្រទេសជប៉ុន ហើយបើមិនមានការប្រែប្រួលទេ ការសាងសង់នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ហើយបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខនេះ ដែលសារមន្ទីរថ្មីនេះ នឹងដាក់តាំងបង្ហាញនូវ គ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌកាកសំណល់សង្គ្រាម និងឯកសារផ្សេងៗ។ ឯកឧត្តម មិនបានប្រាប់ពីទំហំទឹកប្រាក់ដែលត្រូវចំណាយនៅក្នុងការសាងសង់នេះទេ ដោយថា មិនទាន់ដល់ពេលទម្លាយអំពីការចំណាយ។
សារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន មានទីតាំងឋិតនៅលើផ្ទៃដីទំហំ១២ហិកតា ក្នុងភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សារមន្ទីរនេះ បានបើដំណើរការកាលពីឆ្នាំ២០១៧៕