រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ស្វាយរៀង៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្ដី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ដស្វាយរៀង។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម អភិបាលខេត្តបាន ជម្រាបជូនដោយសង្ខេបអំពីសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន និងដំណើរការសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ជាមួយនិងការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច លោកបានខិតខំដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាការចាប់យកនូវកាលានុវត្តភាពទាំងឡាយ ដែលផុសឡើងក្នុងបរិការណ៍នៃការផ្លាស់ប្ដូរយ៉ាងរហ័ស នៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់ និងពិភពលោក រួមទាំងស្ថានការណ៍ដែលប្រទេសជាតិរងឈ្លានពានរបស់យោធាថៃ ទន្ទឹមនោះ រាជរដ្ឋាភិបាលបានគិតគូច្បាស់លាស់ពីសន្តិសុខជាតិ និងស្ថានភាពជារួមក្នុងប្រទេសជាតិយើង ព្រមទាំងសម្រេចបាននូវវឌ្ឍនភាពធំៗជាច្រើនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងទទួលបាននូវការផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនៈ នៅលើឆាកអន្តរជាតិផងដែរ។
លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណាមានប្រសាសន៍ ថ្លែងនូវមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃនេះ ដោយបានប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ និងដំណើរការទៅដោយរលូនស្របទៅតាមរបៀបវារៈ និងកម្មវិធីដែលបានគ្រោងទុក ដោយមានសមាសភាពចូលរួមមកពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងរដ្ឋបាលខេត្តស្វាយរៀង៕

