សាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប បើកប្រឡងអំណានប្រចាំឆ្នាំ២០២២

សាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប បើកកម្មវិធីប្រឡងស្ទាបស្ទង់សមត្ថភាពសិស្សពីថ្នាក់ទី១ដល់ថ្នាក់ទី១២ លើវិញ្ញាសារសរសេរ វិញ្ញាសារអំណាន ស្មូតកំណាព្យ និងការតែងនិពន្ធ និងការឡើងថ្លែងជាសាធារណៈនៃឃ្លាប្រយោគ ខ្លឹមសារ នៃការនិពន្ធពីគំនិតផ្ទាល់ខ្លួនរបស់ប្អូនៗសិស្សានុសិស្សផងដែរ។ ការប្រឡងនេះមានរយៈពេលពីថ្ងៃ ធ្វើឡើងជា៣ភាសាមាន ភាសាខ្មែរ អង់គ្លេសនិងភាសាចិន ។
ជារៀងរាល់ឆ្នាំគណៈគ្រប់គ្រងតែងតែសហការពិគ្រោះជាមួយសាស្ត្រចារ្យ លោកគ្រូអ្នកគ្រូដើម្បីជ្រើសរើសនិងរៀបចំវិញ្ញាសារប្រឡងឱ្យស្របទៅនឹងកម្រិតថ្នាក់របស់ក្មួយៗប្អូនៗដែលកំពុងសិក្សានៅទីនេះ ក្នុងបំណងដើម្បីបណ្ដុះទម្លាប់នៃការអាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន លើកកម្ពស់ការសូត្រកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អក្សសាស្ត្រ។
ថ្លែងបិទការប្រឡងកាលពីល្ងាចថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២២នេះ លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាបបានមានប្រសាសន៍ថា ដោយមើលឃើញនូវតម្រូវការជាក់ស្តែង ដែលសិស្សានុសិស្សត្រូវសិក្សាទ្រឹស្តីភ្ជាប់ជាមួយនិងការអនុវត្តន៍ជាក់ស្តែងនោះ ទើបគណៈគ្រប់គ្រងសាលា បានផ្តួចផ្តើមគំនិតជាមួយលោកគ្រូ អ្នកគ្រូ រៀបចំ ការប្រឡងអំណានប្រចាំឆ្នាំ២០២២ ដែលមានគណៈមេប្រយោគ ទាំងខ្មែរនិងបរទេស ដើម្បីឲ្យស្របតាមទិសដៅរបស់ក្រសួងអប់រំយុវជននិងកីឡា ក្នុងការផ្តល់ឱកាសឲ្យសិស្សានុសិស្សចេះស្រឡាញ់ និងយកចិត្តទុកដាក់ក្នុងការអាន សរសេរឲ្យបានកាន់តែច្រើន ដូចជាសុភាសិតមួយបានពោលថា អានច្រើន ចេះច្រើន ឬ អានមួយជីវិតក៏មិនចេះចប់ ។ លោក រ័ត្ន រស្មី ក៍ចាត់ទុក «ការស្តាប់ក៍គឺជាឫសគល់នៃការរៀនភាសា ផងដែរ។ ដូច្នេះមាតាបិតាត្រូវចេះអានឱ្យកូនស្តាប់នៅពេលដែលកូននៅតូចមិនទាន់ចេះអានដោយខ្លួនឯង។ ការអានរឿងព្រេងនិទានឱ្យកូនស្តាប់បានជួយលើកកម្ពស់ប្រសិទ្ធភាពក្នុងការស្តាប់ទៀតផង។ ហើយចំពោះការប្រឡងអំណានគឺដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា និងដើម្បីលើកកម្ពស់ស្តង់ដាវីជ្ជាជីវៈគ្រូបង្រៀន។បន្ថែមពីលើការប្រឡងនេះ គណៈគ្រប់គ្រងសាលាក៍មានយុទ្ឋសាស្ត្រចូលរួមអភិវឌ្ឍធនធានមនុស្សរយៈពេលវែងនិងមានគោលដៅបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃដើម្បីឆ្លើយតបបានទៅនឹងទីផ្សារការងារ សំដៅរួមចំណែកអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ស្របតាមយុទ្ឋសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបន្តកសាង និងអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែកប្រកបដោយគុណភាព និងមានគុណធម៌ល្អប្រពៃ ដែលឆ្លើយតបទៅនឹងសំណូមពរនៃការ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជាឱ្យក្លាយជាសង្គមរីកចំរើន ជឿនលឿន លើសពីនេះក៍បានគិតគូរផងដែរ គឺការអប់រំសម្រាប់ទាំងអស់គ្នា ដូច្នេះការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងក្នុងពេលចំពោះមុខ ទាំងសម្រាប់អនាគត៕

