អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវដល់ជនភៀសសឹកចូលរួមដាំដុះបន្លែបង្ការរួមគ្នា ដើម្បីធានាការផ្គត់ផ្គង់ស្បៀង

ឧត្តរមានជ័យ៖ ស្របពេលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងស្ថានភាពដ៏តានតឹងដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពដីមួយកន្លែងនៅក្បែរក្នុងមណ្ឌលសុវត្ថិភាព ដើម្បីរៀបចំអោយជនភៀសសឹកដាំដុះបន្លែបង្ការរួមគ្នា ដើម្បីធានាបាននូវភាពគ្រប់គ្រាន់នៃការផ្គត់ផ្គង់ម្ហូបអាហារ និងរក្សាសន្តិសុខស្បៀងក្នុងមូលដ្ឋានគ្រាអាសន្ននេះ។
ការរៀបចំដីក្បែរមណ្ឌលសុវត្ថិសម្រាប់ដាំដុះរួមគ្នានេះ ក៏ជាផ្នែកមួយនៃការស្តារនីតិសម្បទាផ្លូវចិត្ត និងពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនជនភៀសសឹក ជាពិសេសជនភៀសសឹក ជាពិសេសកុមារ និងមនុស្សចាស់ ទទួលបានបន្លែស្រស់ៗគ្រប់គ្រាន់ និងកាត់បន្ថយការចំណាយទៅលើការទិញបន្លែពីខាងក្រៅ ដែលអាចឡើងថ្លៃខ្លាំងក្នុងពេលសង្គ្រាមនេះផងដែរ។
ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថាគោលដៅចម្បងនៃការដាំដុះនេះ គឺដើម្បីធានាថា រាល់ទិន្នផលបន្លែបង្ការដែលប្រមូលបាន នឹងត្រូវបែងចែកជាអាទិភាពដើម្បីផ្គត់ផ្គង់ដល់របបអាហារប្រចាំថ្ងៃរបស់ក្រុមគ្រួសារជនភៀសសឹកទាំងអស់ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិនេះ។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត អំពាវនាវដល់បងប្អូនជនភៀសសឹកទាំងអស់ ដែលភាគច្រើនមានបទពិសោធន៍ផ្នែកកសិកម្ម សូមប្រើប្រាស់កម្លាំង និងចំណេះដឹងរបស់បងប្អូន ចូលរួមដាំដុះបន្លែរួមគ្នានៅតាមណ្ឌលដែលបានកំណត់៕

