ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ២០២៥ និងទិសដៅបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត

កំពត៖នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តមបណ្ឌិត លឹម អុីវ អនុរដ្ឋលេខាធិការ,លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ដោយមានការចូលរួមពី លោកប្រធានមន្ទីរ,អនុប្រធានមន្ទីរ ,ប្រធាន,អនុប្រធានការិយាល័យ, និងមន្ត្រីជំនាយប្រមាណ ៣៨ រូប។
បន្ទាប់ពីបានស្តាប់របាយការណ៍លោកប្រធាមន្ទីររួចមក អង្គប្រជុំបានពិភាក្សា ផ្ដល់មតិយោបល់ និងធាតុចូលបន្ថែមទៀត លើរបាយការណ៍ ក៏ដូចជាផែនការដែលបានដាក់ចេញ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងច្បាស់លាស់ ដើម្បីចូលរួមសម្រេចនូវផែនការប្រចាំឆ្នាំដែលបានកំណត់។
តាមរយៈរបាយការណ៍ដែលសម្រេចបាន ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ដែលជាការចូលរួមសម្រេចនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះទៀត ឯកឧត្តមបណ្ឌិត ក៏បានផ្ដល់អនុសាសន៍មួយចំនួនដែលជាការតម្រង់ទិសការងារជូនដល់ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់របស់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ឱ្យបន្ដខិតខំប្រឹងប្រែងចូលរួមអនុវត្តផែនការសកម្មភាពតាមកម្មវិធីអាទិភាពទាំង៥ ឱ្យមានប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានដាក់ចេញ ដើម្បីឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗកាន់តែច្រើនបន្ថែមទៀតជូនជាតិ និងប្រជាជន៕
ឯកឧត្តមបណ្ឌិត បានលើកឡើងថា៖ក្នុងរយៈពេល ៤ត្រីមាស ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានយកចិត្តទុកដាក់ និងខិតខំអនុវត្តនូវរាល់សកម្មភាពការងារដែលបានគ្រោងទុក និងការងារប្រគល់ជូនជាក់ស្តែងការងារ បន្ទាន់ៗមួយចំនួនដែលថ្នាក់ដឹកនាំប្រគល់ជូនមន្ទីរ ក្នុងគោលបំណងសំដៅ ជំរុញចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និង ភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យអាទិភាព ក្នុងគោលនយោបាយផែនការយុទ្ធសាស្រ្តជាតិ ដើម្បីអភិវឌ្ឍន៍នៅទីជនបទធ្វើយ៉ាងណា កាត់បន្ថយគម្លាតនៃការរស់នៅ រវាងប្រជាពលរដ្ឋនៅទីជនបទ និងនៅទីក្រុង បន្តការអភិវឌ្ឍន៍ជនបទលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ យកចិត្តទុកដាក់ធ្វើផ្លូវ និងពង្រឹងគុណភាពផ្លូវជនបទ ស្របតាមអនុប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានណែនាំអោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្កំពត បន្តយកចិត្តទុកដាក់សាងសង់បណ្តាញទឹកស្អាត និងបង្គន់អនាម័យជូនប្រជាពលរដ្ឋ ជាពិសេសគឺបន្តជម្រុញការអនុវត្តយុទ្ធសាស្រ្ត ពង្រីកវិសាលភាពផ្គត់ផ្គង់ សេវាទឹកស្អាត អនាម័យ ការអភិវឌ្ឍន៍តភ្ជាប់ហេដ្ឋារចនា និងគមនាគមន៍ និងជំរុញការធ្វើពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីឱ្យសហគមន៍ជនបទមានជីវភាពសមរម្យតាមរយៈការបង្កើត និងពង្រីកមុខរបរ បង្កើនប្រាក់ចំណូលបន្ថែម ឱ្យមានភាពរីកចំរើន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងការកោតសរសើរ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ដែលបានខិតខំប្រឹងប្រែង អនុវត្តការងារកន្លងមក ហើយកិច្ចប្រជុំនៅថ្ងៃនេះក្នុងគោលបំណងដើម្បីបង្ហាញអំពីវឌ្ឍនភាពការងារដែលបានធ្វើកន្លងមក និងរកឱ្យឃើញអំពីបញ្ហានិងការប្រឈមដែលកើតមានឡើងលើវិស័យអភិវឌ្ឍន៍ជនបទ និយាយដោយឡែកគឺខេត្តកំពតតែម្តង។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានផ្សព្វផ្សាយ និងណែនាំអំពីគោល នយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ជូនដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីជំនាញផងដែរ ។

