អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្តុកសំរាម និងទីលានទុកដាក់សំរាម ស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំលោកអភិបាលរងខេត្ត អភិបាលក្រុងកំពង់សោម ក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្តុកសំរាម និងទីលានទុកដាក់សំរាម ស្ថិតនៅភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់លោកនាយកគ្រប់គ្រងទីលានចាក់សំរាម ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធត្រូវធ្វើយ៉ាងណាប្រើប្រាស់ទីលានទុកដាក់សំរាមឱ្យអស់លទ្ធភាពក្នុងការទុកដាក់សំរាម ព្រោះសំរាមដឹកចូលទីលានពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង។ ប្រសិនបើយើងមិនបានត្រៀមទុកជាមុននោះទេ បរិមាណសំរាមដឹកជញ្ជូនចូលទីលានកាន់តែមានចំនួនច្រើន ចាំបាច់យើងត្រូវប្រើប្រាស់ទីលាននេះទៅតាមបទដ្ឋានបច្ចេកទេសក្នុងការទុកដាក់សំរាមសម្រាប់ប្រើប្រាស់ឱ្យបានច្រើនឆ្នាំបន្ថែមទៀត មុននឹងយើងរៀបចំសាងសង់ទីលានថ្មីបាន។
សូមបញ្ជាក់ផងដែរថា ទីលានចាក់សំរាម អូរតាសេកមានផ្ទៃដីជាង ៦៨ហិកតា ក្នុងដំណាក់កាលទីមួយយើងធ្វើក្នុងបរិវេណ ១៧ហិកតា ដោយឡែកក្នុងចំណោម ១៧ហិកតា មានសែលចំនួន៤ ហើយសែលនីមួយៗមានទំហំជាង ១០០ម៉ែត្រ បួនជ្រុង ស្មើនឹង ៧ហិកតា និងមានផ្ទៃដីគាំទ្រមានដូចជារបង តូបយាម រោងជាង ជញ្ជីង ឃ្លាំងញែកសំរាមជាដើម៕

