ផ្លូវលំប្រវែង ៥៥០ម៉ែត្រ នៅខេត្តព្រះសីហនុបានសាងសង់រួចរាល់ជូនអតីតយុទ្ធជន ប្រើប្រាស់លើដីសម្បទានសង្គមកិច្ច

ព្រះសីហនុ៖ ឧត្ដមសេនីយ៍ ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តំណាងប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានដឹកនាំក្រុម លេខាធិការដ្ឋាន អ.ន.ក ខេត្តចុះពិនិត្យការស្ថាបនាផ្លូវលំប្រវែង ៥៥០ម៉ែត្រ និងលូ កាត់ទទឹងផ្លូវចំនួន២ទីតាំង ដែលលទ្ធផល ការងារសម្រេច បាន១០០% ហើយព្រមទាំងពិនិត្យមើលវឌ្ឍនភាពនៃ ការសាងសង់ ផ្ទះចំនួន ៣១ ខ្នងជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជននិង និវត្តជនកម្ពុជា និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ផ្តល់ ជូនអតីតយុទ្ធជន ដែលគ្មានដី និងផ្ទះពិតប្រាកដរស់នៅលើដីសម្បទាន សង្គមកិច្ច ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕

