មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ វត្តហ្វាសង់ បង្ហាញចេតនា ជួយគាំទ្រ និងផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផាកម្ពុជា ដល់ពលរដ្ឋរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង

ភ្នំពេញ៖ មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ វត្តហ្វាសង់នៅសាធារណរដ្ឋកូរ៉េ បង្ហាញចេតនា ជួយគាំទ្រ និងផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផាកម្ពុជា ដល់ពលរដ្ឋរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ក្នុងស្មារតី ខ្មែរជួយខ្មែរ សម្រាប់ពិធីបុណ្យប្រពៃណីជាតិនានា ខាងមុខ។
ព្រះចៅអធិការវត្តហ្វាសង់ បានពេញចិត្ត និងរាក់ទាក់ យ៉ាងខ្លាំង ដល់តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានធ្វើដំណើរចូលថ្វាយបង្គំ និងទូលពីបេសកកម្មលើទឹកដីនៃសាធារណរដ្ឋកូរ៉េ។
ព្រះចៅអធិការវត្តខ្មែរ នៅហ្វាសង់ បានបង្ហាញពីចេតនា ក្នុងការរៀបចំ ផ្សព្វផ្សាយ អំពីមូលនិធិគន្ធបុប្ផាកម្ពុជា ជូនដល់ បងប្អូន ពលរដ្ឋខ្មែរពីគ្រប់ទិសទីក្នុងសាធារណរដ្ឋកូរ៉េ ដែលតែងតែមកវត្តនេះ គោរពបូជា ពុទ្ធសាសនា និងប្រាស្រ័យទាក់ទងគ្នា។
សូមជម្រាបជូនថា ដំណើរបេសកកម្មរបស់តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា មកកាន់វត្តហ្វាសង់ខ្មែរ នៅសាធារណរដ្ឋកូរ៉េនេះ ធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាង ព្រះពុទ្ធសាសនាដែលជាសាសនារបស់ពលរដ្ឋខ្មែរ ជាមួយ នឹងការងារមនុស្សធម៌ជួយដល់កុមារនៅកម្ពុជា៕

