លោក ដូណាល់ ត្រាំ៖ អ៊ុយក្រែន នឹងចាំបាច់ត្រូវតែទទួលយក ផែនការសន្តិភាពរបស់អាមេរិក ដែលសំដៅបិទបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី

បរទេស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រធានាធីបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងចាំបាច់ត្រូវតែទទួលយក ផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលសំដៅបិទបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី។
ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅសេតវិមាន លោក ត្រាំ បានលើកឡើងថា ការខិតជិតដល់សាជាថ្មីនៃរដូវរងា ការកើនឡើងនៃចំនួនមនុស្សស្លាប់ និងការវាយប្រហារយ៉ាងខ្លាំងក្លាបន្តបន្ទាប់គ្នា លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន បានសង្កត់ធ្ងន់អំពីភាពចាំបាច់ ដើម្បីបញ្ចប់សង្រ្គាមឱ្យបានជាបន្ទាន់។
លោកប្រធានាធិបតីអាមេរិក បានអះអាងថា ទីក្រុងវ៉ាស៉ីនតោន មានមធ្យោបាយដើម្បីឆ្ពោះទៅរកសន្តិភាព ហើយលោក ហ្សេលេនស្គី នឹងចាំបាច់ត្រូវតែទទួលយកវា។ បើតាមលោក ត្រាំ រូបលោកទុកពេលឱ្យអ៊ុយក្រែន ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដើម្បីទទួលយកផែនការរបស់លោក។
គួរបញ្ជាក់ថា ផែនការសន្តិភាព២៨ចំណុចរបស់អាមេរិក រួមមានលក្ខខណ្ឌដូចជា កំណត់ឱ្យអ៊ុយក្រែនត្រូវកាត់ទឹកដីឱ្យទៅរុស្ស៉ី ទទួលយកការដាក់កំហិតលើយោធារបស់អ៊ុយក្រែន ហើយបោះបង់មហិច្ឆតាចូលជាសមាជិកអង្គការ NATO។ យ៉ាងណាមិញ ក្នុងនោះ ក៏រួមមានលក្ខខណ្ឌមួយចំនួន ដែលទីក្រុងមូស្គូអាចនឹងជំទាស់ផងដែរ ហើយទាមទារឱ្យកងកម្លាំងរបស់រុស្ស៉ី ដកថយចេញពីតំបន់ខ្លះ ដែលពួកគេបានកាន់កាប់។ កាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនកំពុងប្រឈមហានិភ័យបាត់បង់រវាង កិត្តិយសក៏ដូចជាសេរីភាពរបស់ខ្លួន ហើយនិងការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន៕
