អាមេរិក គំរាមកាត់ផ្តាច់ ការចែករំលែកព័ត៌មានសម្ងាត់ និងការផ្គត់ផ្គង់សព្វាវុធសម្រាប់អ៊ុយក្រែន ដើម្បីដាក់សម្ពាធឱ្យទទួលយកផែនការសន្តិភាពរបស់ លោក ដូណាល់ ត្រាំ

កៀវ៖ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា បានរាយការណ៍ថា សហរដ្ឋអាមេរិក បានគំរាមកាត់ផ្តាច់ ការចែករំលែកព័ត៌មានសម្ងាត់ និងការផ្គត់ផ្គង់សព្វាវុធសម្រាប់អ៊ុយក្រែន ដើម្បីដាក់សម្ពាធឱ្យទទួលយកផែនការសន្តិភាពរបស់ ប្រធានាធិបតី ដូណាល់ ត្រាំ។
ដោយនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញអត្តសញ្ញាណ ប្រភពដដែលបានលើកឡើងថា ទីក្រុងកៀវកំពុងស្ថិតក្រោមសម្ពាធខ្លាំងបំផុតរបស់ទីក្រុងវ៉ាស៉ីនតោន ហើយអាមេរិកចង់ឱ្យអ៊ុយក្រែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោល នៅត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។
ប្រភពមួយក្នុងចំណោមនោះ បាននិយាយយ៉ាងដូច្នេះថា «ពួកគេចង់បញ្ចប់សង្រ្គាម ហើយចង់ឱ្យអ៊ុយក្រែន ជាអ្នកទទួលរងផលវិបាក»។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន បានបង្ហាញដល់អ៊ុយក្រែន នូវផែនការសន្តិភាព២៨ចំណុច ដែលរួមមានការទទួលយក លក្ខខណ្ឌទាមទារសំខាន់ៗមួយចំនួនរបស់រុស្ស៉ី ដូចជាកំណត់ឱ្យទីក្រុងកៀវត្រូវកាត់ទឹកដីបន្ថែម ដាក់កំហិតលើទំហំយោធា និង មិនអាចចូលរួមក្នុងអង្គការ NATO ជាដើម។ កាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនកំពុងប្រឈមហានិភ័យបាត់បង់រវាង កិត្តិយសក៏ដូចជាសេរីភាពរបស់ខ្លួន ហើយនិងការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន៕

