អ្នកនយោបាយម្នាក់នៃរដ្ឋ Florida ត្រូវបានចោទប្រកាន់ថា លួចលុយ៥លានដុល្លារពីមូលនិធិគ្រោះមហន្តរាយ របស់រដ្ឋាភិបាលសហព័ន្ធ ចំណាយលើ យុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ក្រុមរដ្ឋអាជ្ញានៅសហរដ្ឋអាមេរិក បានឱ្យដឹងថា អ្នកនយោបាយម្នាក់នៃរដ្ឋ Florida ត្រូវបានចោទប្រកាន់ជាផ្លូវការ ក្រោមការសង្ស័យថា អ្នកនយោបាយរូបនោះ បានលួចលុយ៥លានដុល្លារពីមូលនិធិគ្រោះមហន្តរាយ របស់រដ្ឋាភិបាលសហព័ន្ធ ហើយប្រើប្រាស់លុយនោះ ទៅចំណាយលើ យុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន កាលពីឆ្នាំ២០២១។
តំណាងរាស្រ្តប្រចាំរដ្ឋ Florida លោកស្រី Sheila Cherfilus-McCormick ដែលមកពីគណបក្សប្រជាធិបតេយ្យ ត្រូវបានចោទប្រកាន់ពីបទលួចយកលុយ ដែលទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ របស់រដ្ឋាភិបាលសហព័ន្ធ បានផ្តល់ឱ្យលើស ទៅក្រុមហ៊ុនសុខភាពនៃគ្រួសាររបស់ខ្លួន តាមរយៈកិច្ចសន្យាពាក់ព័ន្ធការចាក់វ៉ាក់សាំងកូវីដ។
រដ្ឋមន្រ្តីយុត្តិធម៌អាមេរិក លោកស្រី Pam Bondi បាននិយាយថា ការលួចមូលនិធិជួយសង្រ្គោះគ្រោះមហន្តរាយ ដើម្បីទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន គឺជាបទល្មើសអត្មានិយមឥតកេរ្តិ៍ខ្មាស។
គួរបញ្ជាក់ថា លោកស្រី Cherfilus-McCormick បានជាប់ឆ្នោតជាសមាជិកសភានៅក្នុងរដ្ឋ Florida កាលពី២០២២។ កាលពីខែធ្នូ ឆ្នាំ២០២៤ ទីភ្នាក់ងារសហព័ន្ធមួយនៅរដ្ឋ Florida បានដាក់ពាក្យបណ្តឹងប្រឆាំងក្រុមហ៊ុន ដែលជាកម្មសិទ្ធិរបស់ គ្រួសារលោកស្រី ដោយនិយាយថា ក្រុមហ៊ុននោះបានទាមទារប្រាក់ពីរដ្ឋ លើសដល់ទៅជិត៥.៨លានដុល្លារ សម្រាប់ការងារ ដែលបានធ្វើកាលពីអំឡុងវិបត្តិកូវីដ ហើយមិនសងថ្លៃបង់ប្រាក់លើសនោះមកវិញ៕
