អាជ្ញាធរមីន និងគណៈប្រតិភូគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផលដំណាក់កាលទី៤ ចុះពិនិត្យសកម្មភាពរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង។

បាត់ដំបង៖រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយនឹងគណៈប្រតិភូគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផល ដូចជា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាងស្ថានទូតអូស្ត្រាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងលុចសំបួ ចុះពិនិត្យសកម្មភាពរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង ដែលការគាំទ្រភាពជាដៃពីគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផល ដំណាក់កាលទី៤។ ការចុះពិនិត្យ ក៏មានការចូលរួមផងដែរពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ការចុះពិនិត្យវាយតម្លៃនេះ គឺស្របពេលទៅនឹងការបិទបញ្ចប់គម្រោងបោសសម្អាតមីនដេីម្បីលទ្ធផលដំណាក់កាលទី៤ ២០២០-២០២៥ ហើយគ្រោងនឹងបន្តគម្រោងដំណាក់កាលទី៥ ២០២៦-២០៣០។
រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាបាននឹងកំពុងជួយអភិវឌ្ឍន៍ និងកាត់បន្ថយភាពភាពក្រីក្ររបស់បងប្អូនជនមានពិការភាពទាំងនៅក្នុងសហគមន៍ និងតាមទីជនបទឆ្ងាយៗ តាមរយៈការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទានដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជនពិការទូទៅ។
អាជ្ញាធរមីននឹងបន្តជួយកៀរគរធនធានពីប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជួយឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានៅក្នុងប្រទេសកម្ពុជា ក្នុងការបន្តនិរន្តភាពផ្តល់សេវារបស់ខ្លួនដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជនពិការទូទៅឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា។

