រដ្ឋបាលខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ជួបប្រជុំកំណត់ដែនរដ្ឋបាលនៃខេត្តទាំងពីរ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ ក្នុងការស្វែងរកសេវាសាធារណៈ

កំពង់ស្ពឺ៖ ដើម្បីកំណត់បានភាពច្បាស់លាស់ កាត់ផ្តាច់ភាពស្រពិចស្រពិលក្នុងការផ្តល់សេវាសាធារណៈ និងការការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការជួបប្រជុំពិភាក្សា ដើម្បីកំណត់ដែនរដ្ឋបាលទទួលខុសត្រូវនៃខេត្តទាំងពីរ។
ការជួបប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តតាកែវ ក្រោមវត្តមានលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចទាំងបី នៃខេត្តទាំងពីរផងដែរ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ភាពមិនច្បាស់នៃការគ្រប់គ្រងដែនរដ្ឋបាលបានធ្វើឱ្យការផ្តល់សេវាសាធារណៈទៅដល់បងប្អូនប្រជាពលរដ្ឋមានការលំបាក ការទប់ស្កាត់បទល្មើសនានា ខ្វះការទទួលខុសត្រូវនិងឆ្លើយដាក់គ្នាក្រោយមានបទល្មើសកើតឡើង។ ឯកឧត្តម រំពឹងថា ក្រោយកិច្ចប្រជុំពិភាក្សាកំណត់ដែនរដ្ឋបាលខេត្តរួចរាល់ និងមានសង្គត់ភាព មន្ត្រីផ្តល់សេវាសាធារណៈ សមត្ថកិច្ចមានភាពងាយស្រួលក្នុងការផ្តល់់ទទួល និងបង្ការ បង្ក្រាប ទប់ស្កាត់បាននូវរាល់បទល្មើសដែលកើតមានឡើង ហើយជាមួយនោះពលរដ្ឋក៏មានភាពច្បាស់លាស់ក្នុងការទៅសុំនិងទទួលយកការផ្តល់សេវាក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់ផងដែរ។
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសាទរចំពោះការកំណត់ភាពច្បាស់លាស់នេះ គ្មានការឆ្លើយដាក់គ្នាទៀតទេ គ្មានការលូកដែនសមត្ថកិច្ចទៀតទេ ហើយពលរដ្ឋក៏គ្មានភាពស្រពិចស្រពិលក្នុងការស្វែងរក ការផ្តល់សេវាសាធារណៈដែលខ្លួនរស់ទៀតដែរ។ ការណ៍នេះពិតជាបានសម្រួលនិងផ្តល់ភាពងាយស្រួលទៅដល់មន្ត្រីពាក់ពន្ធ័និងសមត្ថកិច្ចក្នុងការផ្តល់សេវា និងការពារនូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយដល់ពលរដ្ឋជាប់ព្រំប្រទល់នៃខេត្តទាំងពីរ។
ទន្ទឹមនោះ អភិបាលខេត្តទាំងពីរ បានធ្វើការក្រើនរំឮកដល់អាជ្ញាធរដែនដីនៅគ្រប់មូលដ្ឋានទាំងអស់ដែលស្ថិតនៅចំនុចជាប់ព្រំប្រទល់ និងសមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់លើកិច្ចការងាររបស់ខ្លួនឱ្យទទួលបានប្រសិទ្ធិភាពខ្ពស់ ហើយបញ្ឈប់រាល់សកម្មភាពដែលឆ្លើយដាក់គ្នាដើម្បីយករួចខ្លួនក្រោយមានបទល្មើសកើតឡើង៕

