បាក់ផ្ទាំងទឹកកកនៅជំរំមូលដ្ឋានភ្នំមួយ នៅភាគខាងកើតប្រទេសនេប៉ាល់ សម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និងធ្វើឱ្យអ្នកឡើងភ្នំជាជនបរទេស៤នាក់បាត់ខ្លួន

ញូដេលី៖ បាក់ផ្ទាំងទឹកកកនៅជំរំមូលដ្ឋានភ្នំមួយ នៅភាគខាងកើតប្រទេសនេប៉ាល់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និងធ្វើឱ្យអ្នកឡើងភ្នំជាជនបរទេស៤នាក់បាត់ខ្លួន។ នេះបើតាមមន្ត្រីក្នុងតំបន់ បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃទី៣ វិច្ឆិកា។
លោក Gyan Kumar Mahato មន្ត្រីប៉ូលិសជាន់ខ្ពស់នៅស្រុក Dolakha បានរាយការណ៍ថា ការបាក់ផ្ទាំងទឹកកកបានវាយប្រហារក្រុមមនុស្ស១២នាក់នៅលើកំពូលភ្នំ Yalung Ri កម្ពស់៥៦៣០ម៉ែត្រ។
លោក Mahato បន្តថា ក្នុងចំណោមអ្នកស្លាប់ទាំង៣នាក់ មាន២នាក់ជាជនជាតិនេប៉ាល់ និងម្នាក់ជាជនបរទេស តែលោក មិន បាន បញ្ជាក់ ពី សញ្ជាតិ នៃជនបរទេសម្នាក់ដែលស្លាប់នោះទេ។ ចំណែក ជនបរទេស ដែល បាត់ ខ្លួន ក៏លោកមិនបានបញ្ជាក់ពីសញ្ជាតិដែរ។
ប្រព័ន្ធផ្សព្វផ្សាយខ្លះ ផ្សាយថា អ្នកបាត់បង់ជីវិតក្នុងហេតុការណ៍នេះ មិនមែនតែ៣នាក់នោះទេ គឺមានដល់៧នាក់ ដោយក្នុងនោះ ក៏មានជនជាតិអាម៉េរិក អ៊ីតាលី និងកាណាដាផងដែរ (តែចំនួន៧នាក់នេះ មិនមែនជារបាយការណ៍ផ្លូវការណ៍ពីអាជ្ញាធរនោះទេ)។
បើតាមលោក Mahato បញ្ហាអាកាសធាតុនៅក្នុងស្រុក Dolakha ជាឧបសគ្គ ធ្វើឱ្យការជួយសង្គ្រោះត្រូវពន្យារពេល ប៉ុន្តែឥឡូវនេះ ឧទ្ធម្ភាគចក្រមួយគ្រឿងបានចុះចតនៅតំបន់ក្បែរនោះ ហើយប្រតិបត្តិការស្វែងរក និងការជួយសង្គ្រោះ ត្រូវបានអនុវត្តនៅព្រឹកថ្ងៃទី៤វិច្ឆិកានេះ៕
គួរជម្រាបថា ប្រទេសនេប៉ាល់ស្វាគមន៍អ្នកឡើងភ្នំ និងអ្នកដើរលេងរាប់រយនាក់ជារៀងរាល់ឆ្នាំ ដោយប្រទេសនេះមានភ្នំខ្ពស់ៗបំផុតចំនួន៨ ក្នុងចំណោមភ្នំខ្ពស់បំផុតទាំង១០របស់ពិភពលោក រួមទាំងភ្នំអេវឺរេសផងដែរ៕

