រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំតាំងបង្ហាញ សម្លព្រូងបំពង់ឫស្សី និងតាំងបង្ហាញម្ហូបផ្សេងៗរបស់បងប្អូនជនជាតិដើមភាគតិច ក្នុងព្រះរាជពិធីបុណ្យអុំទូក

មណ្ឌលគិរី៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សាទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរដែលមានតាំងពីយូរលង់មកហើយ ក៏ដូចជាផ្តល់ឱកាសជូនប្រពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយ រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំពិធីតាំងបង្ហាញ សម្លព្រូងបំពង់ឫស្សី និងតាំងបង្ហាញម្ហូបផ្សេងៗរបស់បងប្អូនជនជាតិដើមភាគតិច ដើម្បីលើកស្ទួយនូវមុខម្ហូបរបស់បងប្អូនជនជាតិដើម ភាគតិច ខេត្តមណ្ឌលគិរី ព្រមទាំងជំរុញចលនាភ្ញៀវទេសចរនារដូវកាលបៃតងតំបន់ភូមិភាគឦសាន្ត ខេត្តមណ្ឌលគិរី ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រារព្ធឡើងនៅថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទីរសៀល នៅទីតាំងសួនដំរីដែក ក្រុងសែនមនោរម្យ។
រដ្ឋបាលខេត្តមណ្ឌលគិរី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ពរះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសាធារណជនទាំងអស់ និមន្ត និងអញ្ជើញចូលរួមទស្សនាការដាក់តាំងបង្ហាញសម្ល ការចម្អិន ការដាំស្ល និងភ្លក់ម្ហូបដោយសេចក្តី សោមនស្សរីករាយ និងចូលរួមកម្សាន្ត សប្បាយឱ្យបានច្រើនកុះករ៕

