មីយ៉ាន់ម៉ា នឹងបោះឆ្នោតសកល ដំណាក់កាលទី២ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦

ណៃពិដោ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ ម៉ាបញ្ជាក់ថា ការបោះឆ្នោតសកលដំណាក់កាលទី២នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ចំពេលមានការរិះគន់ជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ និងភាពចលាចលផ្ទៃក្នុងក្រោយរដ្ឋប្រហារ ឆ្នាំ២០២១។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសថា ការបោះឆ្នោតសកលដំណាក់កាលទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ពោលគឺ២ សប្តាហ៍បន្ទាប់ពីការបោះឆ្នោតជុំទី១ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។
ការបោះឆ្នោតនឹងធ្វើឡើងនៅមណ្ឌលបោះឆ្នោតចំនួន១០០ នៅទូទាំងប្រទេស រួមទាំងនៅទីតាំងខ្លះនៃទីក្រុងយ៉ាំងហ្គោន ចំពេលមានការរិះគន់ពីសហគមន៍អន្តរជាតិថា ការបោះឆ្នោតនេះគ្រាន់តែជាឆាកល្ខោន ដើម្បីពង្រឹងភាពស្របច្បាប់របស់មេដឹកនាំរបបសឹកតែប៉ុណ្ណោះ។
មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង គូសបញ្ជាក់ថា ការបោះឆ្នោតនឹងដំណើរការ ប៉ុន្តែមិនអាចរៀបចំការបោះឆ្នោតទូទាំងប្រទេសបានទេ ខណៈគណបក្សប្រជាធិបតេយ្យជាច្រើនត្រូវបានហាមឃាត់ ឬមិនចូលរួមក្នុងការបោះឆ្នោត។
គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី រួមជាមួយនឹងគណបក្សនយោបាយចំនួន ៣៩ផ្សេងទៀត ត្រូវបានរំលាយចោលដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលរៀបចំដោយយោធាកាលពី២ឆ្នាំមុន ដោយសារខកខានមិនបានចុះឈ្មោះបោះឆ្នោត៕

