នាយករដ្ឋមន្រ្តីជប៉ុនថ្មី ប្តេជ្ញាលើកកម្ពស់ចំណងទាក់ទងអាមេរិក ឱ្យដល់កម្រិតថ្មីមួយជាមួយលោក ដូណាល់ ត្រាំ

តូក្យូ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោកស្រី Sanae Takaichi បានប្តេជ្ញាថា នឹងលើកកម្ពស់ចំណងទាក់ទងអាមេរិក ឱ្យដល់កម្រិតថ្មីមួយ ជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ ។
លោកស្រី Takaichi ដែលជានាយករដ្ឋមន្រ្តីស្រ្តីដំបូងបំផុតរបស់ប្រទេសជប៉ុន បានធ្វើការប្តេជ្ញាដូចខាងលើ អំឡុងការថ្លែងសារ ជាលើកទីមួយនៅក្នុងសភា ស្តីពីគោលនយោបាយរបស់រដ្ឋាភិបាលលោកស្រី។
លោកស្រីនាយករដ្ឋមន្រ្តី ក៏បាននិយាយផងដែរថា ការចំណាយ២ភាគរយនៃ GPD ទៅលើវិស័យការពារជាតិ នឹងត្រូវធ្វើឡើងក្នុងឆ្នាំសារពើពន្ធ២០២៥-២០២៦នេះតែម្តង ដែលលឿន ជាងគោលដៅកន្លងមករបស់រដ្ឋាភិបាល ២ឆ្នាំ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកស្រី Takaichi គឺ ៣ថ្ងៃមុនពេលលោក ត្រាំ ដែលចង់ឱ្យបណ្តាសម្ព័ន្ធរបស់អាមេរិក បង្កើនការចំណាយរបស់ពួកគេទៅលើយោធា នឹងត្រូវមកកាន់ប្រទេសជប៉ុន អំឡុងដំណើរទស្សនកិច្ចរបស់លោកនៅតំបន់អាស៉ី ក្នុងនោះរួមមានទាំង កិច្ចពិភាក្សាពាណិជ្ជកម្ម ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅឯប្រទេសកូរ៉េខាងត្បូង៕

