ឯកឧត្ដម រិន វីរៈ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ការគូសផែនទី និងចុះបញ្ជីគ្រួសារសម្រាប់អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ការគូសផែនទី និងចុះបញ្ជីគ្រួសារសម្រាប់អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២៦ ដែលពិធីប្រព្រឹត្តទៅនៅទីស្តីការក្រសួងផែនការ។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម រិន វីរៈ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺផ្ដោតលើវិធីសាស្រ្តនៃការធ្វើបច្ចុប្បន្នភាពមណ្ឌលអង្កេតទាំង៧៥០ នៅទូទាំង២៥ រាជធានី/ខេត្ត ដែលបានជ្រើសរើស។ សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពមណ្ឌលអង្កេត គឺសំដៅដល់ “ការត្រួតពិនិត្យព្រំប្រទល់មណ្ឌលអង្កេតដែលមានស្រាប់ (តាំងពីជំរឿនប្រជាជនឆ្នាំ២0១៩) និងគូសផែនទីមណ្ឌលអង្កេតឡើងវិញ ព្រមទាំងធ្វើការចុះបញ្ជីគ្រួសារដែលកំពុងរស់នៅក្នុងមណ្ឌលអង្កេតទាំងនោះ សម្រាប់យកមកធ្វើជាក្របខ័ណ្ឌសំណាកគំរូក្នុងការជ្រើសរើសគ្រួសារគំរូ ជ្រើសរើសស្ត្រីគំរូ និងជ្រើសរើសបុរសគំរូ ដើម្បីធ្វើការប្រមូលទិន្នន័យសម្រាប់អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២៦។
ឯកឧត្តមមានប្រសាសន៍ថា អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២៦ ជាអង្កេតលើកទី៦ ដែលមានសារៈសំខាន់ក្នុងការវាស់វែង និងវាយតម្លៃអំពីវឌ្ឍនភាពសូចនាករស្នូល និងសូចនាករគន្លឹះសំខាន់ៗដែលមានចែងក្នុងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ (PS1) ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងសាកល (CSDG, SDG) កម្មវីធី និងអនុកម្មវិធីជាតិនានាដែលទាក់ទងទៅនឹងផ្នែកប្រជាសាស្ត្រ និងសុខភាព។
ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ រួមហសការជាមួយក្រសួងសុខាភិបាលបានដឹកនាំ និងអនុវត្តការងារអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា លើកទី១នៅឆ្នាំ២០០០, លើកទី២ នៅឆ្នាំ២០០៥, លើកទី៣នៅឆ្នាំ២០១០, លើកទី៤នៅឆ្នាំ២០១៤, និងលើកទី៥នៅឆ្នាំ២០២១-២២។ លទ្ធផលដែលទទួលបានពីអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាទាំង៥លើកកន្លងមក ទទួលបានលទ្ធផលល្អគួរជាទីមោទនៈក្រៃលែង ដោយមានការវាយតម្លៃខ្ពស់ពីដៃគូអភិវឌ្ឍ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ។
ផ្អែកតាមកម្មវិធីវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមមានក្តីសង្ឈឹមយ៉ាងមុតមាំថា សិក្ខាកាមនឹងទទួលបានការយល់ដឹងស៊ីជម្រៅទាំងអត្ថន័យ ខ្លឹមសារ និងខិតខំយកចិត្តទុក្ខដាក់ក្រេបយកចំណេះ ជំនាញ បច្ចេកទេស ដែលបានផ្តល់អោយដោយគ្រូឧទ្ទេស ដើម្បីបង្កើនសមត្ថភាពឈានទៅសម្រេចបានលទ្ធផលទិន្នន័យនៃអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២៥-២៦ មានគុណភាព និងមានទំនុកចិត្តខ្អស់ពីអ្នកប្រើបា្រស់ទិន្នន័យ។

