លោក ដូណាល់ ត្រាំថាប្រធានាធិបតីវ៉េណេស៊ុយអេឡា យល់ព្រមផ្ដល់សម្បទានដ៏ធំ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៧ ខែតុលា បាននិយាយថាប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានយល់ព្រមផ្ដល់សម្បទានដ៏ធំ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក។
ទីក្រុងវ៉ាស៊ីនតោនបានចោទលោក ម៉ាឌូរ៉ូថាជាមេកើយពួកឧក្រិដ្ឋគ្រឿងញៀនមួយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា និងបានបង្កើនការដាក់ពង្រាយកម្លាំងយោធា ក្នុងនោះរួមមានទាំង យន្ដហោះបំបាំងកាយ និងនាវាចម្បាំងចំនួន៧គ្រឿង ទៅកាន់តំបន់សមុទ្រ Caribbean ជាផ្នែកមួយនៃយុទ្ធនាការមួយដែលរដ្ឋបាលលោក ត្រាំ ហៅថាជាសង្រ្គាមប្រឆាំងនឹងពួកឧក្រិដ្ឋជន រត់ពន្ធគ្រឿងញៀនចូលទៅក្នុងសហរដ្ឋអាមេរិក។
លោក ម៉ាឌូរ៉ូ បានច្រានចោលការចោទប្រកាន់បែបនេះ ហើយបានចោទបកទៅវិញថាសហរដ្ឋអាមេរិកមានបំណងផ្លាស់ប្ដូររបបដឹកនាំ នៅវ៉េណេស៊ុយអេឡា។
នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានអំពីសេចក្ដីរាយការណ៍ដែលថាទីក្រុងការ៉ាកាសបង្ហាញពីបំណងបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក លោក ត្រាំ បានឆ្លើយថាលោក ម៉ាឌូរ៉ូ យល់ព្រមឱ្យអ្វីៗគ្រប់យ៉ាង ពីព្រោះលោកមិនហ៊ានជាមួយសហរដ្ឋអាមេរិកទេ។
លោក ត្រាំ មិនបានបង្ហើបលម្អិតថាតើអី្វទៅជាសម្បទានដែលលោកអះអាងថា លោក ម៉ាឌូរ៉ូ យល់ព្រមធ្វើតាមនោះទេ ខណៈខាងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយដែរ៕
