ឯកឧត្តម ម៉ក់ ជីតូ ណែនាំអាជ្ញាធរខេត្តតាកែវ បន្តយកចិត្តទុកដាក់លើបញ្ហាក្មេងទំនើង និងបង្ក្រាបឱ្យទាន់ពេលវេលា

តាកែវ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ក់ ជីតូ បានធ្វើការណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ ពិសេសបញ្ហាក្មេងទំនើង ត្រូវដាក់ចេញវិធានការឲ្យបានតឹងរឹង និងបង្ក្រាបឲ្យបានទាន់ពេលវេលា។
ថ្លែងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ លោកអភិបាលរងខេត្ត កងម្លាំងទាំង៣ ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក មេឃុំចៅ-សង្កាត់ ប៉ុសិ៍្តនគរបាលរដ្ឋបាលទាំង១០០ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា បញ្ហាក្មេងទំនើងនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងបានដាក់វិធានការដ៏តឹងរឹងចំពោះជនបង្កដែលជាក្រុមក្មេងទំនើង ដូច្នេះ លោកស្នងការ អធិការនគរបាល រួមនឹងប៉ុសិ៍្តរដ្ឋទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ ចុះតាមដានជាប្រចាំ និងកំណត់មុខសញ្ញាក្រុមក្មេងទំនើង បងតូបងធំ ដែលតែងតែបង្កភាពអនាធិបតេយ្យតាមដងផ្លូវ និងទីប្រជុំជននានា ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវតែបង្ក្រាបឲ្យបានទាន់ពេលវេលា គ្មានការយោគយល់អ្វីទាំងអស់។
ឯកឧត្តមបានសង្កាត់ធ្ងន់ថា ចំពោះក្រុមក្មេងទំនើងដែលមានវត្ថុតាង ត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹង និងចាត់បញ្ជូនទៅកាន់តុលាការ ឲ្យបានលឿនបំផុត ដើម្បីរួមចំណែកកាត់បន្ថយអត្រាក្មេងទំនើងក្នុងខេត្ត នឹងលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ដិភាពបានកាន់ល្អប្រសើរថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថាក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តតាកែវ បានអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។ លទ្ធផលទាំងអស់នេះជោគជ័យទៅបានដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់អាជ្ញាធរមូលដ្ឋាន រួមនឹងភាគ្គីពាក់ព័ន្ធទាំងអស់ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានជំរុញដល់អាជ្ញាធរ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធចូលរួមឲ្យសកម្មលើកិច្ចការងារនេះ ពិសេសត្រូវបង្កើនការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ចោរលួច ឆក់ប្លន់ និងបទល្មើសផ្សេងៗទៀតដែលបង្កអសន្ដិសុខដល់សង្គមជាតិ។
ក្នុងនោះដែរ ក៏ត្រូវចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាល មកពីគ្រោះមហន្តរាយនិងជំងឺរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

