អ៉ីស្រាអែល ប្រកាសពីជ័យជម្នះ នៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយក្រុមហាម៉ាស

ហ្ស៊េរុយសាឡិម៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP អ៉ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា បានប្រកាសពីជ័យជម្នះ នៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយក្រុមហាម៉ាស ខណៈចលនាតស៊ូប៉ាឡេស្ទីនមួយនេះត្រៀមដោះលែង ចំណាប់ខ្មាំងអ៉ីស្រាអែលនៅមានជីវិត ដែលជាជំហានដ៏សំខាន់មួយក្នុងផែនការសន្តិភាពហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្មានម៉ោងមុននឹងរូបលោកត្រូវដឹកនាំ កិច្ចប្រជុំកំពូលសន្តិភាពមួយនៅអេហ្ស៉ីប។
នៅក្រោមផែនការហ្កាហ្សារបស់លោក ត្រាំ នៅពេលដែលក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលនៅមានជីវិតទាំង ២០នាក់ នោះអ៉ីស្រាអែលក៏នឹងត្រូវដោះលែងជនជាតិប៉ាឡេស្ទីនជាង ២០០០នាក់ ដែលកំពុងជាប់ឃុំនៅអ៉ីស្រាអែលផងដែរ។ ក៏ប៉ុន្តែ វានៅតែមានបញ្ហាមួយចំនួន ក្នុងនោះក្រុមហាម៉ាសបានទទូចឱ្យអ៉ីស្រាអែូលបញ្ចូលមេដឹកនាំជាន់ខ្ពស់ប៉ាឡេស្ទីនមួយចំនួនទៅក្នុង បញ្ជីឈ្មោះជនជាតិប៉ាឡេស្ទីនដែលត្រូវដោះលែង។
តែយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានប្រកាសពីជ័យជម្នះរបស់អ៉ីស្រាអែលលើហាម៉ាស។ «យើងសម្រេចបានជ័យជម្នះដ៏អស្ចារ្យ.ប៉ុន្តែក្នុងពេលជាមួយគ្នា ខ្ញុំត្រូវតែប្រាប់អ្នកទាំងអស់គ្នាថាការប្រយុទ្ធនៅមិនទាន់បញ្ចប់នៅឡើយទេ»។
នេះជាការគូសបញ្ជាក់របស់លោក Netanyahu។
គួរបញ្ជាក់ថា ក្រុមហាម៉ាសត្រូវបានរំពឹងថានឹងចាប់ផ្ដើមដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលនៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ហើយលោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅដល់អ៉ីស្រាអែល ក្នុងថ្ងៃដដែល ដើម្បីថ្លែងសុន្ទរកថាទៅការសភាអ៉ីស្រាអែល មុននឹងបន្តដំណើរឆ្ពោះទៅកាន់អេហ្ស៉ីបចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពហ្កាហ្សា ជាមួយមេដឹកនាំពិភពលោកជាច្រើនរូប៕
