ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំបញ្ជីសេវារដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យសុខាភិបាល នៅរដ្ឋបាលរាជធានី ខេត្ត

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំបញ្ជីសេវារដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យសុខាភិបាលនៅរដ្ឋបាលរាជធានី ខេត្ត ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខាធិការដ្ឋាន គ.ជ.អ.ប. និងមន្រ្តីបច្ចេកទេសសរុប៣០រូប។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃការរៀបចំបញ្ជីសេវារដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យសុខាភិបាលនៅរដ្ឋបាលរាជធានី ខេត្ត និងពិភាក្សាអំពីការងារចាំបាច់ផ្សេងៗទៀត ពាក់ព័ន្ធនឹងការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញដល់ការដាក់ចេញប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលក្នុងវិស័យសុខាភិបាលឱ្យបានឆាប់រហ័ស៕

