ឯកឧត្ដម រិន វីរៈ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រមូលធាតុចូលលើតារាងទិន្នន័យរដ្ឋបាល មន្ទីរ អង្គភាព ថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រមូលធាតុចូលលើតារាងទិន្នន័យរដ្ឋបាល មន្ទីរ អង្គភាព ថ្នាក់ក្រោមជាតិ នៅភោជនីដ្ឋានទន្លេបាសាក់។
នាឱកាសនោះ ឯកឧត្តម រិន វីរៈ បានមានប្រសាសន៍ថា ការរៀបចំតារាងទិន្នន័យរដ្ឋបាល មន្ទីរ អង្គភាពជំនាញថ្នាក់ក្រោមជាតិ គឺមានគោលបំណងដើម្បីប្រមូលផ្តុំទិន្នន័យស្ថិតិរដ្ឋបាលពីមន្ទីរ អង្គភាពជំនាញឬវិស័យជុំវិញរាជធានី ខេត្តនីមួយៗ ដែលមានមន្ទីរផែនការរាជធានី ខេត្ត ជាសេនាធិការឱ្យអភិបាលរាជធានី ខេត្ត ក្នុងការសម្របសម្រួល និងដឹកនាំប្រមូលទិន្នន័យស្ថិតិរដ្ឋបាលទាំងអស់នេះ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះនៃទិន្នន័យស្ថិតិដ៏ខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច បរិស្ថាន វប្បធម៌ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅរាជធានី ខេត្ត។ លើសពីនេះ ការរៀបចំតារាងទិន្នន័យរដ្ឋបាលមន្ទីរ អង្គភាពជំនាញ/វិស័យថ្នាក់ក្រោមជាតិ គឺជាឧបករណ៍ដ៏មានសារៈសំខាន់បំផុតក្នុងកិច្ចដំណើរការអភិវឌ្ឍប្រព័ន្ធទិន្នន័យស្ថិតិជាតិ និងលើកកម្ពស់គុណភាពនៃការធ្វើសមាហរណកម្មទិន្នន័យស្ថិតិវិស័យនៅថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកធ្វើសេចក្តីសម្រេចគោលនយោបាយ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដោយផ្អែកលើភស្តុតាងជាក់ស្តែងរបស់ក្រសួង ស្ថាប័ន មន្ទីរអង្គភាពជំនាញនៅថ្នាក់ក្រោមជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកឯកជន សហគមន៍ជាតិ និងអន្តរជាតិ យ៉ាងទំលំទូលាយប្រកបដោយប្រសិទ្ធភាពខ្ពស់។
តាមរយៈសិក្ខាសាលាពិគ្រោះយោបល់នាថ្ងៃនេះ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា អង្គសិក្ខាសាលាទាំងអស់ចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា និងផ្តល់ធាតុចូលបន្ថែមនូវចំណុចខ្វះខាតលើតារាងទិន្នន័យរដ្ឋបាលសម្រាប់មន្ទីរ អង្គភាពជំនាញថ្នាក់ក្រោមជាតិ ដើម្បីកែលម្អ និងធ្វើបច្ចុប្បន្នភាពស្ថិតិថ្មីៗឱ្យបានគ្រប់ជ្រុងជ្រោយតាមតម្រូវការចាំបាច់របស់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ សម្រាប់គាំទ្រដល់ការប្រើប្រាស់ឱ្យចំគោលដៅគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីអភិវឌ្ឍន៍នានារបស់រាជធានី ខេត្ត និងមន្ទីរ អង្គភាពសាមីផងដែរ។

