ឯកឧត្តម បួន ហេង អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយរំលឹកឡើងវិញអំពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ

ពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម បួន ហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃ គ.គ.ស តំណាងឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរំលឹកឡើងវិញអំពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។
សិក្ខាសាលាផ្សព្វផ្សាយនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពី លោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកប្រធាននាយកដ្ឋាន មុខងារនិងធនធាន លោក លោកស្រីអភិបាលរង នាយករដ្ឋបាល ប្រធាន- អនុប្រធានការិយាល័យច្រកចេញចូលតែមួយមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៨៦ គោលដៅ នៃរាជធានី ខេត្តចំនួន២៣ សរុបចំនួន១២៤នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពប្រធាន-អនុប្រធានការិយាល័យច្រកចេញចូលតែមួយដែលទើបទទួលបានការតែងតាំងថ្មី ហើយពុំទាន់បានទទួលការបណ្តុះបណ្ដាលអំពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ៕

