ឯកឧត្តម បួន ហេង អញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជាស្ដីពីផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីរភាពនៃកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃ គ.គ.ស. បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជាស្ដីពីផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីរភាពនៃកម្ពុជា ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) នៅសណ្ឋាគារសាន់អេនមូន រីវើសាយ រាជធានីភ្នំពេញ។
វេទិកានេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់១២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពី លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តំណាងស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា នាយកដ្ឋានមុខងារ និងធនធាន នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុកគោលដៅ និងដៃគូអភិវឌ្ឍន៍សរុបប្រមាណ៣០០នាក់។
វេទិកានេះ មានការធ្វើបទបង្ហាញ កម្មវិធីសំណួរ ចម្លើយ និងវេទិកាពិភាក្សាដោយផ្តោតលើប្រធាបទផ្សេងៗគ្នាពាក់ព័ន្ធទៅនឹង
១. កសិកម្ម និងសេដ្ឋកិច្ចចក្រា
២. គោលនយោបាយ និងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង៣. វិស័យឯកជន ឧស្សាកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញ និងលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្រ និងផែនការសម្មភាពសេដ្ឋកិច្ចចក្រាតាមវិស័យពាក់ព័ន្ធ ជាពិសេសយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ស្របទៅនឹងសសរស្ដម្ភទាំងបី គឺភាពស្អាត ភាពបៃតង និងចីរភាព និងដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងការអនុវត្តជាក់ស្ដែងសម្រាប់គ្រប់គ្រងសំណល់ និងធនធានប្រកបដោយនិរន្តរភាព។
ថ្លែងក្នុងពិធីបិទវេទិកា សម្រាប់ថ្ងៃទី២ ឯកឧត្តម បួន ហេង បានស្នើឱ្យរដ្ឋបាលក្រុង ស្រុក បង្កើនការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តវិធានការពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ព្រមទាំងថ្លែងអំណរគុណដល់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ដែលបានអញ្ជើញចូលរួមក្នុងវេទិកានាឱកាសនេះផងដែរ៕

